កូវីដ-១៩

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា កម្ពុជាក៏បានរកឃើញវីរុសកូវីដបម្លែងខ្លួននៅឥណ្ឌាដែរ (មានវីដេអូ)

BY
Khmernote Media
May 11, 2021

នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានផ្តល់កិច្ចសំភាសន៍ជាមួយនឹងស្ថានីយទូរទស្សន៍ CNC អំពីស្ថានភាពមេរោគកូវីដ១៩ នៅកម្ពុជា។ ហើយលោកជំទាវ បានធ្វើការបញ្ជាក់ថា “វីរុសដែលបម្លែងខ្លួនថ្មីនេះ មាន២បែប ដែលយើងសង្កេតឃើញនៅប្រទេសកម្ពុជាយើង៖

ទី១ គឺជាប្រភេទ ដែលយើងទាំងអស់ស្គាល់ហើយ B.1.1.7 គឺជាប្រភេទវីរុសកូវីដ១៩ ដែលវាបានបម្លែង ហើយគេរកឃើញនៅចក្រភពអង់គ្លេស ហើយក៏បានសាយភាយទៅតាមបណ្តាប្រទេសលើសកលលោករបស់យើង ក្នុងនោះនៅកម្ពុជារបស់យើងក៏រងនូវការឆ្លងពីវីរុសនេះផងដែរ។

ទី២ ដែលគេរកឃើញថ្មីៗបំផុតទៀតនោះ គឺនៅប្រទេសឥណ្ឌា ដែលវីរុសកូវីដ១៩ ក៏មានការបម្លែងខ្លួនដែរនោះ ដែលគេរកឃើញទៅ គេដាក់លេខឲ្យគាត់គឺ B.1.617 ហើយវីរុស ដែលបម្លែងនៅប្រទេសឥណ្ឌានេះ គឺជាប្រភេទវីរុស ដែលគេសង្កេតឃើញថា មានការឆ្លងហាក់ដូចជាលឿនមែនទែន ហើយក៏ភាពវាយលុកធ្ងន់ធ្ងររបស់វាក៏លឿនដែរ។ លោកជំទាវក៏បានជម្រាបជូនទៀតថា នៅកម្ពុជាយើងក៏មានរកឃើញនៅប្រភេទវីរុស ដែលបម្លែងខ្លួននៅប្រទេសឥណ្ឌានេះដែរ។ ហើយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានធ្វើការសិក្សាទៅគឺថាឃើញមានអ្នកដែលផ្ទុកនូវវីរុសប្រភេទនេះ ដែលបានធ្វើដំណើរមកកាន់កម្ពុជារបស់យើង។

លោកជំទាវបញ្ជាក់ទៀតថា នេះគឺជាបង្ហាញមួយ ដែលសូមជំរាបទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឲ្យលោកអ្នកមានការប្រុងប្រយ័ត្នខ្ពស់មែនទែន ថ្វីត្បិតតែស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា យើងរំពឹងថានឹងមានការថយចុះជាបន្តបន្ទាប់ ក្រោយពីយុទ្ធនាការ ក៏ដូចជាវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលកម្ពុជារបស់យើងនេះ ហើយយើងក៏មិនត្រូវភ្លេចខ្លួនថា វីរុសកូវីដ១៩នេះ បិទខ្ទប់ចប់ទៅមែន ក៏ប៉ុន្តែវីរុសកូវីដ១៩នេះ មិនទាន់ចប់ទៅណាទេ វីរុសកូវីដ១៩នេះនៅតែបន្តវាយលុកនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងនៅឡើយ មិនមែនតែប្រទេសយើងទេ គឺប្រទេសនៅលើសកលលោកតែម្តង គេសង្កេតឃើញប្រទេសជាច្រើនហក់ឡើងវិញ ដោយការវាយលុកនៃវីរុសកូវីដ១៩នេះ។

Share This Post: