កូវីដ-១៩

លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា ការរកឃើញវីរុសបំប្លែងខ្លួនពីឥណ្ឌា មិនទាន់សាយភាយក្នុងប្រទេសកម្ពុជាទេ ហើយអ្នកជំងឺក៏ព្យាបាលជាសះស្បើយរួចហើយផងដែរ

BY
Khmernote Media
May 11, 2021

កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានផ្តល់កិច្ចសំភាសន៍ជាមួយនឹងស្ថានីយទូរទស្សន៍ CNC អំពីស្ថានភាពមេរោគកូវីដ១៩ នៅកម្ពុជា ហើយលោកជំទាវ ក៏បានធ្វើការបញ្ជាក់ថា “វីរុសដែលបម្លែងខ្លួនថ្មីនៅប្រទេសឥណ្ឌា ក្នុងកម្ពុជាយើងក៏មានរកឃើញនៅប្រភេទវីរុស ដែលបម្លែងខ្លួននៅប្រទេសឥណ្ឌានេះដែរ។ ហើយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានធ្វើការសិក្សាទៅគឺថាឃើញមានអ្នកដែលផ្ទុកនូវវីរុសប្រភេទនេះ ដែលបានធ្វើដំណើរមកកាន់កម្ពុជារបស់យើង”។

នារសៀលថ្ងៃដដែល លោកជំទាវ ឱ វណ្ណឌីន ក៏បានផ្តល់កិច្ចសំភាសន៍ជាមួយទូរទស្សន៍ BTV បានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ យើងបានរកឃើញ ១ករណី ជាករណីលើអ្នកដំណើរចូលមកកម្ពុជា មានប្រភេទវីរុសបម្លែង B.1.167 នៅប្រទេសឥណ្ឌា ដោយមិនដឹងថាមានប្រវត្តិធ្វើដំណើរទៅប្រទេសណាខ្លះទេ។

លោកជំទាវ ក៏បានបញ្ជាក់ផងដែរថា ការរកឃើញវីរុសកូវីដ១៩បំប្លែងខ្លួននៅឥណ្ឌាត្រូវបានរកឃើញនៅប្រទេសកម្ពុជា មានតែមួយករណីដែលជាករណីនាំចូលប៉ុណ្ណោះ និងត្រូវបានព្យាបាលជាសះស្បើយរួចមកហើយ ព្រមទាំងមិនទាន់មានការរីកសាយភាយនៅក្នុងប្រទេសកម្ពុជាយើងឡើយ៕

Share This Post: