វីដេអូថ្មីមួយទៀត ក្រោយពេលកើតហេតុ រថយន្តរបស់លោកឧកញ៉ា ហេង សៀ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ហើយបានឃើញគាត់ដើរចេញពីរថយន្ត
រឿងរ៉ាវពាក្យបណ្តឹងទៅវិញទៅមករវាងតារាស្រីរូបស្រស់កញ្ញា មាន ពេជ្ររីតា ជាមួយនឹងលោកឧកញ៉ា ហេង សៀ ត្រូវបានមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ នៅល្ងាចមិញនេះដែរក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដឹកនាំដោយលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នឹងដាក់ពាក្យស្នើសុំទៅកាន់តុលាការ ដើម្បីអនុញ្ញាតឲ្យកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MyTV ដែលត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ន បានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នសិន ក្រោយពីស្នើសុំឲ្យតុលាការយកកញ្ញា ពេជ្ររីតា ពីពន្ធនាគារមកសាកសួរម្តងទៀតនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ។

ថ្មីៗនេះ មានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងខ្សែវីដេអូមួយអំពី គ្រោះថ្នាក់ចរាចរណ៍ របស់រថយន្តរបស់ឧកញ៉ា ហេង សៀ កាលពីវេលាម៉ោង ១៥ និង២២នាក់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ។ យោងតាមម្ចាស់គណនីហ្វេសប៊ុក បានឲ្យដឹងថា “វីឌីអូផ្ញើពីបងប្អូននៅម្តុំទីតាំងកើតហេតុគ្រោះថ្នាក់ចរាចរណ៍រឿងកំពុងល្បី។ នេះជាវីឌីអូបញ្ជាក់ថា ឧកញ៉ា ហេង សៀ ខ្ទប់ពោះ និងមានឈាមលើអាវ។ សូមសាធារណៈជន បងៗមានសមត្ថកិច្ច និងដើម្បីជាភស្តុតាងប្រយោជន៍តាមច្បាប់មេត្តាជ្រាប។ បញ្ជាក់: ខ្ញុំមិនមែនជាមេធាវីការពារភាគីខាងណា ឬកាន់ជើងខាងណានោះទេ។ រាយការណ៍ដើម្បីយុត្តិធម៍សង្គម”។

