ថៃសុខចិត្តចាយលុយរាប់ពាន់លានបាតមកធ្វើបែបនេះ ដើម្បីឲ្យគុណភាពវិស័យអប់រំគេកាន់តែខ្លាំងមួយកំរិតទៀត
ថៃ៖ ក្រសួងអប់រំថៃបានសម្រេចប្រើប្រាស់ថវិការចំនួន៣ពាន់លានបាត (ប្រមាណជាង៩០លានដុល្លារ) បន្ថែមទៀត សម្រាប់ជួលបុគ្គលិករដ្ឋបាលឲ្យមកជួយធ្វើការងារនៅក្នុងសាលារៀន ដើម្បីឲ្យគ្រូបង្រៀនទាំងអស់មានពេលវេលាគ្រប់គ្រាន់ផ្តោតលើគុណភាពនៃការបង្រៀនជាសំខាន់។ បើតាមប្រសាសន៍របស់លោក Teerakiat Jareonsettasin រដ្ឋមន្ត្រីក្រសួងអប់រំបានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នេះទៅ គ្រូបង្រៀននៅតាមសាលារដ្ឋក្នុងប្រទេសថៃទាំងអស់លែងរវល់នឹងការងារទូទៅក្នុងសាលារៀនទៀតហើយ ព្រោះបុគ្គលិករដ្ឋបាល ឬជំនួយការគ្រូបង្រៀននឹងធ្វើការងារទាំងនោះជំនួសវិញ ហើយគ្រូបង្រៀនទាំងអស់នឹងមានពេលមានវេលាគ្រប់គ្រាន់ ដើម្បីរៀបចំតែកិច្ចការបង្រៀនឲ្យបានល្អ រកវិធីសាស្រ្តបង្រៀនថ្មីៗ មានពេលគ្រប់គ្រាន់ ដើម្បីពង្រឹងសមត្ថភាពរបស់គាត់បន្ថែមទៀត។ គ្រូបង្រៀននៅតាមសាលារដ្ឋក្នុងប្រទេសថៃទាំងអស់បានសម្តែងនូវការសាទរខ្លាំង ចំពោះការសម្រេចរបស់ក្រសួងអប់រំ ហើយគេជឿថា វិធីដូចខាងលើនេះនឹងអាចជួយពង្រឹងគុណភាពអប់រំរបស់ថៃឲ្យកាន់តែល្អថែមមួយកម្រិតទៀត៕
អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost