ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមចោរឆក់ធ្លាប់ធ្វើសកម្មភាពយ៉ាងសកម្មចំនួន២៥លើកកន្លងទៅ ត្រូវនគរបាលស្រុកមុខកំពូល សហការជាមួយនគរបាលខណ្ឌសែនសុខ ក្របួចបាន៥នាក់

    BY Khmernote Media May 13, 2021
    ក្រុមចោរឆក់ធ្លាប់ធ្វើសកម្មភាពយ៉ាងសកម្មចំនួន២៥លើកកន្លងទៅ ត្រូវនគរបាលស្រុកមុខកំពូល សហការជាមួយនគរបាលខណ្ឌសែនសុខ ក្របួចបាន៥នាក់

    រាជធានីភ្នំពេញ៖ ជនសង្ស័យជំនាញខាងឆក់ តាមដងផ្លូវសារធារណៈចំនួន៥នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ត្រូវបានកម្លាំងនគរបាលស្រុកមុខកំពូល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជាបន្តបន្ទាប់ ចំនួន០៥នាក់ក្រោយធ្វើសកម្មភាព(ឆក់ទូរស័ព្ទ)ពីយុវតីម្នាក់បានសម្រេច កាលពី វេលាម៉ោង១៦៖៣០នាទីល្ងាច ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅចំណុចលើផ្លូវជាតិលេខ៦ មុខហាងនំបុ័ងហង្សពេជ្រ ភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

    ជនរងគ្រោះជាដើមបណ្តឹងឈ្មោះ គង់ ធារ៉ូ ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅសព្វថ្ងៃ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យដែលឃាត់បាន មានដូចជា៖

    ទី១.ឈ្មោះ នប់ ប៉ាន់រ៉ាស័ក អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិចំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកធ្វើសកម្មភាពឆក់(ឃាត់ខ្លួន)។
    ទី២.ឈ្មោះ លី រតន:បណ្ឌិត អាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកបើកបរម៉ូតូ(ឃាត់ខ្លួន)។
    ទី៣.ឈ្មោះ ខន សុខឃាន់ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិទួលសំពៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាបក្ខពួក (ឃាត់ខ្លួន)។
    ទី៤.ឈ្មោះ ឆើត ឆៃយ៉ា ហៅយ៉ា អាយុ១៨ឆ្នាំ ទីលំនៅនៅផ្ទះជួល ម្តុំផ្សារដីហ៊ុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
    ទី៥.ឈ្មោះ ចំរើន សីហា ហៅសីហា អាយុ ១៥ឆ្នាំ ទីលំនៅនៅផ្ទះជួល ម្តុំផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
    និងទី៦.ឈ្មោះ សុខ ណាន់ អាយុមិនស្គាល់ ទីលំនៅនៅផ្ទះជួល ភូមភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាបក្ខពួក(គេចខ្លួន)។

    សម្ភារៈបាត់បង់ ១.ទូរស័ព្ទដៃម៉ាកអាយហ្វូនសិចផ្លាស់ ពណ៌ផ្កាឈូក ដែលមានស៊ីមលេខ 096618911 ចំនួន០១គ្រឿង ជារបស់ជនរងគ្រោះ។ វត្ថុតាងចាប់យកបាន ម៉ូតូចំនួន០២គ្រឿង ១.ម៉ូតូម៉ាកហុងដាC125 ពណ៌ក្រហម ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ 1IS-1043 ចំនួន០១គ្រឿង។ ២.ម៉ូតូម៉ាកហុងដាC125 ពណ៌ក្រហម សេរីឆ្នាំ២០១៤ ឡើងតែមឆ្នាំ២០២០ គ្មានស្លាកលេខ ចំនួន០១គ្រឿង។ ៣.ទូរស័ព្ទម៉ាក iPhone XR ពណ៌ខ្មៅចំនួន០១គ្រឿង។៤.ទូរសព្ទដៃម៉ាក iPhone 7 plus ពណ៌ខ្មៅចំនួន០១គ្រឿង។

    យោងតាមរបាយការណ៍សមត្ថកិច្ច កន្លងមកជនសង្ស័យទាំង០៣នាក់និងបក្ខពួកធ្លាប់ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ នៅចំណុចមុខព្រលានយន្តហោះពោធិ៍ចិនតុង ចំណុចព្រៃទា និងចំណុចតាំងក្រសាំង ក្នុងរាជធានីភ្នំពេញចំនួន២៥លើក ដោយធ្វើសកម្មភាពចាប់ពីម៉ោង១៨:០០នាទីដល់ម៉ោង២០និង០០នាទីយប់។

    លុះនៅថ្ងៃទី១១ខែឧសភា ឆ្នាំ២០២១វេលាម៉ោង១៣និង៤០នាទីរសៀល ជនសង្ស័យទាំង០៣នាក់ និងបក្ខពួកបាននាំគ្នាជិះម៉ូតូចំនួន ០៤គ្រឿង ម៉ូតូម៉ាកហុងដាC125 ចំនួន០៣គ្រឿង និងម៉ូតូម៉ាកស្គុបពីចំនួន០១គ្រឿង ចេញពីផ្ទះជួលនៅម្តុំផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទៅលេងផ្ទះម្ដាយមីងរបស់ជនសង្ស័យឈ្មោះ ខន សុខឃាន់ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្នុងពេលនោះជនសង្ស័យនិងបក្ខពួកបានរួមគំនិតគ្នាថាពេលធ្វើដំណើរតាមផ្លូវ បើមានឱកាសឆក់បានពួកយើងនឹងធ្វើសកម្មភាពឆក់។

    ពេលជិះមកដល់ចំណុចកើតហេតុខាងលើ ក៏ឃើញជនរងគ្រោះជិះម៉ូតូម៉ាកនិចពណ៌ស មានគ្នា ២នាក់ ហើយក្រុមជនសង្ស័យបានជិះម៉ូតូទៅកៀកនិងម៉ូតូរបស់ជនរងគ្រោះ ហើយក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះដែលទុកនៅក្នុងក្លុក.កម៉ូតូ ពេលធ្វើសកម្មភាពរួចក្រុមជនសង្ស័យក៏បាននាំគ្នាជិះម៉ូតូយ៉ាងលឿនសំដៅទៅទិសខាងជើង រួចក្រុមជនសង្ស័យក៏នាំគ្នាជិះម៉ូតូមកទិសខាងត្បូងវិញ តាមបណ្ដោយផ្លូវជាតិលេខ៦ ពេលជិះមកដល់ចំណុចមុខដេប៉ូប្រេងឥន្ធនៈតេលា(ចំប៉ីមេគង្គ) កម្លាំងសមត្ថកិច្ចស្រុកមុខកំពូល ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ និងបន្តចុះសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានចំនួន២នាក់ទៀត នារសៀលថ្ងៃទី១២ ខែឧសភា ២០២១ រួមនឹងវត្ថុតាងខាងលើយកមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូលតែម្តង ចំណែកជនសង្ស័យម្នាក់គេចខ្លួនសមត្ថកិច្ចស្គាល់សាវតាហើយ កំពុងគេចខ្លួន។

    បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅផ្នែកជំនាញនៃអធិការដ្ឋានគរបាលស្រុកមុខកំពូលរងចាំកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: