ខេត្តព្រៃវែង រកឃើញបុរសម្នាក់មកពីភ្នំពេញ មានវិជ្ជមានកូវីដ ក្រោយមកអាការៈធ្វើទុក្ខធ្ងន់ធ្ងរក៏បានទទួលមរណភាព ត្រូវក្រុមគ្រូពេទ្យរៀបចំបូជាទាំងយប់
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រៃវែង បានធ្វើការចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសព លោក សុី នួនសារ៉ាក់ ប្រជាពលរដ្ឋរស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង បានស្លាប់នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៣៧ឆ្នាំ ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីបានធ្វើដំណើរមកពីគីឡូម៉ែត្រលេខ៧ សង្កាត់ច្រាំងចម្រេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ថ្មីៗនេះ។

សូមបញ្ជាក់ផងដែរថា ក្រុមគ្រូពេទ្យពិនិត្យឃេីញថា គាត់មានអាការៈធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង ក្ដៅខ្លួន និងក្អកខ្លាំង ហេីយក្រុមគ្រូពេទ្យបានខិតខំសង្គ្រោះអស់ពីលទ្ធភាពនៅតែមិនអាចសង្គ្រោះបាន។
មរណទុក្ខ ក្ដុកក្ដួលក្រៀមក្រំជាទីបំផុតនេះ ក្នុងនាមរដ្ឋបាលខេត្តព្រៃវែង យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោក សុី នួនសារ៉ាក់ សូមបានទៅកាន់សុគតិភព ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព៕
