រកឃើញរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីម្នាក់ មានវិជ្ជមានកូវីដ១៩
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា កន្លងទៅ លោកជំទាវ មាសសាឯម ដានី រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានអាយុ៧១ឆ្នាំ បានទៅចាក់វ៉ាក់សាំងកូវីដ-១៩ AstraZeneca (Covishield) ដូសទី២ នៅមន្ទីរពេទ្យកាល់ម៉ែត។ លោកជំទាវចាប់ផ្ដើមមិនស្រួលក្នុងខ្លួននៅថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០២១ និងបានធ្វើតេស្តនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នៅគេហដ្ឋានរបស់លោកជំទាវ ដែលមានតាំងនៅផ្ទះលេខ២១ ផ្លូវលេខ៤២២ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយលោកជំទាវបានលទ្ធផលវិជ្ជមាន។

ចាប់តាំងពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ មក លោកជំទាវ មាសសាឯម ដានី មិនបានមកបំពេញការងារនៅទីស្តីការគណៈរដ្ឋមន្ត្រីទេ។ ដូច្នេះ ទីស្តីការគណៈរដ្ឋមន្ត្រី បានណែនាំថា៖
១- ចំពោះអ្នកទាក់ទងផ្ទាល់ជាមួយ លោកជំទាវ មាសសាឯម ដានី ត្រូវទៅយកសំណាកនៅតាមទីតាំង ដែលក្រសួងសុខាភិបាលបានកំណត់ ដូចជា មន្ទីរពេទ្យខ្មែរ-សូវៀត, វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម ជាដើម ។
២- ចំពោះអ្នកទាក់ទងដោយប្រយោលជាមួយលោកជំទាវ មាសសាឯម ដានី ត្រូវធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ និងតាមដានសុខភាពខ្លួនឯង ដោយគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។ ករណីស្ថានភាពសុខភាពខុសធម្មតា សូមទំនាក់ទំនងទៅលេខទូរសព្ទទាន់ហេតុការណ៍ ១១៥៕
