ឆក់ទូរស័ព្ទពីអ្នកលក់បន្លែកំពុងបើករ៉ឺម៉ករកកន្លែងដាក់លក់ បានសម្រេច ហើយគេចខ្លួនបាត់នៅជិតស្តុបណូគា (អូរបែកក្អម)
រាជធានីភ្នំពេញ ៖ ប្តីប្រពន្ធមួយគូនិងស្ត្រីម្នាក់ទៀតជាបងថ្លៃ បានបើករ៉ឺម៉កដឹកបន្លែ រកកន្លែងដាក់លក់តាមចិញ្ចើមផ្លូវ ខណៈពេលកំពុងជិះយឺតៗ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា មកពីក្រោយក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីប្រពន្ធដែលអង្គុយខាងក្រោយបានសម្រេច រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០០:១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១ នៅចំណុចខាងត្បូងស្តុបណូគា(អូរបែកក្អម) តាមផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកល្អកទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះ តឿ អាយុ២៦ឆ្នាំ ត្រូវជាប្ដី មុខរបរអ្នកលក់បន្លែ បានប្រាប់ឲ្យអ្នកយកព័ត៌មានខ្មែរណូតយើងដឹងថា មុនពេលកើតហេតុ រូបគាត់បានបើកម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែ ដោយសារតែរកកន្លែងដាក់លក់មិនបាន ព្រោះសណ្ដាប់ធ្នាប់គេដេញ ក៏យកមកលក់នៅលើចិញ្ចើមផ្លូវម្តុំកន្លែងកើតហេតុ ដោយប្រពន្ធនិងបងស្រីម្នាក់ទៀត អង្គុយខាងក្រោយ ចុចទូរស័ព្ទ ខណៈកំពុងជិះយឺតៗរកកន្លែងឈប់ ភ្លាមនោះស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកឃ្លីកមិនចាំស្លាកលេខធ្វើដំណើរមកពីក្រោយក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាក Sumsung A20 ពីដៃប្រពន្ធ ភ្លាមនោះរូបគាត់ក៏ចុះពីលើរ៉ឺម៉កស្ទុះលោតទៅចាប់ជនសង្ស័យ តែមិនជាប់ក៏ដួលរងរបួសថ្លោះដៃម្ខាងផងដែរ ចំណែកជនសង្ស័យក៏គេចខ្លួនបត់ឆ្វេងទៅផ្លូវ២០០៤ បាត់តែម្តង។
បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌទួលគោក បានចុះទៅសួរនាំដំណើររឿងហេតុដែរ តែជនរងគ្រោះដោយសារតែរវល់លក់បន្លែ ក៏មិនបានទៅដាក់ពាក្យបណ្តឹងនោះទេរងចាំទំនេរពីការលក់ដូរទើបទៅដាក់ពាក់បណ្តឹង៕

ដោយ៖ បងម៉េង ខ្មែរណូត