ក្រុមចោរទាក់ឆ្កែជិះឌុបគ្នារត់ផ្អើល ៣ខណ្ឌ ចុងក្រោយផ្តួលម៉ូតូចោល រត់ចូលតំបន់ក្រហមគេចខ្លួនបាត់ស្រមោល
រាជធានីភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២បានដកហូតម៉ូតូហុងដាវ៉េវមួយគ្រឿងយកទៅរក្សាទុក បន្ទាប់ពីជនសង្ស័យជាមុខសញ្ញាទាក់ឆ្កែបានជិះទៅផ្តួលទុកចោលរត់គេចខ្លួនពីសមត្ថកិច្ចបានស្រមោល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១:២០នាទីរំលងអាធ្រាត្រ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចគោលស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

ជើងខ្លាំងខាងប្រដេញ “P1-ពេលរាត្រី” ដែលធ្លាប់តែចូលរួមជាមួយសមត្ថកិច្ចជួយដេញចាប់ជនសង្ស័យកន្លងទៅ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គ្រាន់តែឃើញជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1L-3886 បានជិះដឹកគ្នាដោយមានភ្ជាប់ជាមួយឧបករណ៍សម្រាប់ទាក់កឆ្កែជាប់ជាមួយ និងបំរុងធ្វើសកម្មភាពទាក់ឆ្កែនៅម្តុំខាងក្រោយផ្សារសុវណ្ណា ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ស្របពេលនោះដែល ក៏មានរូបគាត់បានធ្វើដំណើរឆ្លងកាត់នោះ រួចក៏បានជិះទៅជួបជាមួយនឹងក្រុមជនសង្ស័យដែលបំរុងធ្វើសកម្មភាពទាក់ឆ្កែបន្ទាប់ពីក្រុមជនសង្ស័យបានឃើញបុរសនោះ ក៏បន្ថែមល្បឿនព្យាយាមជិះរត់គេចខ្លួន តែត្រូវបុរសនោះព្យាយាមជិះម៉ូតូដេញតាមពីក្រោយ និងបានរាយការណ៍ជូនសមត្ថកិច្ចឲ្យជួយធ្វើការអន្តរាគមន៍ផងដែរ ហើយក្រុមជនសង្ស័យបានព្យាយាមជិះម៉ូតូរត់គេចអស់ជាច្រើនផ្លូវ រហូតដល់ចំណុចកើតហេតុក្រុមជនសង្ស័យក៏បានផ្តួលម៉ូតូចោល រួចស្ទុះរត់គេចខ្លួនចូលទៅក្នុងផ្លូវឌឿងហែមដែលត្រូវបានបិទខ្ទប់ (តំបន់ក្រហម) បាត់ស្រមោល បន្សល់ទុកម៉ូតូរួមជាមួយឧបករណ៍សម្រាប់ទាក់ឆ្កែនៅកន្លែងកើតហេតុតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការអន្តរាគមន៍និងបាននាំយកម៉ូតូរួមជាមួយវត្ថុតាំងដែលក្រុមជនសង្ស័យបានបន្សល់ទុកយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ដើម្បីធ្វើការស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ជាបន្តទៀត៕

ដោយ៖ បងម៉េង ខ្មែរណូត