កូវីដ-១៩

ប្រទេសឥណ្ឌាកត់ត្រាការឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៣២៦,០៩៨ នាក់ទៀត ប៉ុន្តែមរណភាពបានកើនជិត ៤,០០០នាក់ក្នុងមួយថ្ងៃ

BY
autoadmin
May 15, 2021

ប្រទេសឥណ្ឌាបានរាយការណ៍ពីការកើនឡើងនៃករណីជំងឺ COVID-19 ថ្មីចំនួន ៣២៦,០៩៨ ករណី សម្រាប់ថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១ ហើយវាជាចំនួនមួយតិចជាងរាល់ដង ក៏ប៉ុន្តែការស្លាប់ថ្មីបានកើនដល់ជិត ៤,០០០ ករណី ពោលគឺការស្លាប់ថ្មីមាន ៣,៨៩០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលជាសញ្ញាគួរឱ្យព្រួយបារម្ភថ្មីមួយ។ តួលេខឆ្លងសម្រាប់ថ្ងៃនេះ គឺទាបបំផុតក្នុងរយៈពេលជិត ៣ សប្តាហ៍កន្លងមក ដែលធ្វើឱ្យចំនួនឆ្លងនៅក្នុងប្រទេសកើនដល់ ២៤.៣៧ លានករណី។

ក្នុងនោះផងដែរ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus ក៏បាននិយាយទៅកាន់ការប្រជុំតាមអ៊ិនធឺណេតមួយថា ឆ្នាំទី២ នៃជំងឺរាតត្បាតត្រូវបានគេកំណត់ថា «មានគ្រោះថ្នាក់ជាងឆ្នាំមុន» ហើយលោកបាននិយាយថា ប្រទេសឥណ្ឌាគឺគួរព្រួយបារម្ភខ្លាំងជាងគេ។ ជាក់ស្ដែងក្នុងអំឡុងពេលមួយសប្តាហ៍កន្លងទៅនេះ ឥណ្ឌាបានបន្ថែមករណីថ្មីប្រមាណ ១.៧ លានករណី និងការស្លាប់សរុបជាង ២ ម៉ឺននាក់ ហើយភាគច្រើននៃករណីជំងឺ COVID-19 របស់ឥណ្ឌាក្នុងរលកចុងក្រោយនេះ គឺបានកើនឡើងក្នុងចំនួនច្រើនចាប់តាំងពីខែមេសាតរៀងមក៕

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times

Share This Post: