ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ កុំទាន់មកចាក់វ៉ាក់សាំង បើមិនទាន់ដល់វេន

    BY Khmernote Media May 19, 2021
    ក្រសួងសុខាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ កុំទាន់មកចាក់វ៉ាក់សាំង បើមិនទាន់ដល់វេន

    ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បន្តអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅខណ្ឌបឹងកេង កងនិងខណ្ឌសែនសុខ កុំទាន់មកចាក់វ៉ាក់សាំងបើមិនទាន់ដល់វេនឬការអញ្ជើញពីអាជ្ញាធរភូមិសង្កាត់ ដើម្បីការពារ កុំឱ្យមានការកកស្ទះនៅកន្លែងចាក់វ៉ាក់សំាង និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ផងដែរ។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស ហៅកាត់ថា គ.វ.ក-១៩ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលរស់នៅខណ្ឌបឹងកេងកង ដែល តាមស្ថិតិមានចំនួនជាង៨ម៉ឺននាក់ និងនៅខណ្ឌសែនសុខ មាន ចំនួនប្រមាណជិត១៦ម៉ឺននាក់ សរុបទៅមានចំនួនប្រមាណ២៤ម៉ឺននាក់ ដែលត្រូវ ចាក់វ៉ាក់សំាងនាពេលនេះ ដោយប្រើប្រាស់ វ៉ាក់សាំងដែល បានមកដល់ចំនួនកន្លះលានដូស កាលពីពេលកន្លងមកដែលមាន លក្ខណៈគ្រប់គ្រាន់។

    លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំឱ្យមានការព្រួយបារម្ភ ជាពិសេសអ្នកដែលនៅខណ្ឌទាំង២នេះ សូមអញ្ជើញមកចាក់វ៉ាក់សាំងតាមវេនរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាចូលរួមចំណែកកុំឱ្យមានការកកស្ទះ ដែលនេះគឺជាចំណុចធំណាស់ ។សូមរំលឹកហើយរំលឹកទៀត ថា បងប្អូនមានបំណងមកចាក់វ៉ាក់សាំង ក៏ប៉ុន្តែសូមឱ្យការដែលមកចាក់វ៉ាក់សាំងមានសុវត្ថិភាពល្អ ចៀសវាងការមកបង្កការកកស្ទះច្រើន ដែលនាំឱ្យមានលទ្ធភាពនៃការឆ្លងជំងឺកូវីដ១៩ ។

    លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ថា អ្វីដែលធ្លាប់បានជំរាបជូនហើយ យើងត្រូវតែប្រុងប្រយ័ត្ន កុំឱ្យមកទទួលយកវីរុសកូវីដ១៩ មុនទទួលបាននូវវ៉ាក់សាក់កូវីដ១៩ ដែលជារឿងចាំបាច់ ដូច្នេះត្រូវតែរួមគ្នា អនុវត្តនូវវិធានការការពារ ៣ការពារនិង៣កុំ ដែលបានដាក់ចេញដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ។

    « សំខាន់ទៀតត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន បើគាត់ជម្រាបជូនថា វេនយើងម៉ោងប៉ុន្មានយើងត្រូវទៅម៉ោងនោះ បើមិនមែនជាវេនរបស់យើងទេ យើងកុំអញ្ជើញមក ត្រូវរង់ចាំវេន ហើយអ្នកខ្លះគាត់អន្ទះសាដែលគាត់ឮថាបានចាក់វ៉ាក់សាំងគាត់សប្បាយអរ សូមបងប្អូនធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ព្រោះអាជ្ញាធរមូលដ្ឋានគាត់គឺជាអ្នកទទួលបន្ទុកនៅក្នុងការសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋ ឱ្យអញ្ជើញមកចាក់វ៉ាក់សាំងដែលមានការ ចែកលេខត្រឹមត្រូវ » ។

    យោងតាមបទបញ្ជារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលព្រឹកថ្ងៃទី ០៥ ខែឧសភាកន្លងទៅនេះក៏បានដាក់ បទបញ្ជាទៅអង្គភាពកងទ័ពនិងក្រុមការងារចាក់វ៉ាក់សាំង ត្រូវចាក់វ៉ាក់សាំងជូនពលរដ្ឋរស់នៅតំបន់ក្រហមឱ្យបាន ៥២ម៉ឺននាក់ឬលើសពីនេះ ដើម្បីឈានទៅទប់ស្កាត់ការរីករាលដាលជំងឺកូវី ១៩ ឱ្យមានប្រសិទ្ធភាពធានាបានសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: