បុរសជានាយករដ្ឋបាលសាលាក្រុងច្បារមន ដែលទាត់ថាសលក់ព្រីងរបស់ប្រជាពលរដ្ឋ ត្រូវបានដកដំណែង
យោងតាមលិខិតរបស់រដ្ឋបាលក្រុងច្បារមន បានសម្រេចបញ្ចប់តួនាទីភារកិច្ច លោក ឡាក់ ប៊ុនធីម អត្តលេខ ១៧៥០៥០០០៣០ លេខាធិការរដ្ឋបាល ថ្នាក់លេខ៧ ពីនាយករដ្ឋបាលសាលាក្រុងច្បារមន មកជាមន្ត្រី នៃរដ្ឋបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោយបានទាត់ថាសលក់ព្រីងរបស់ប្រជាពលរដ្ឋ បណ្ដាលឱ្យកំពប់ទៅលើដី ទទួលរងការរិះគន់ពីសំណាក់មហាជន។

យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលអភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត មិនគាំទ្រចំពោះទង្វើរបស់មន្ត្រី ដែលយកតួនាទីភារកិច្ចទៅអនុវត្តខុសវិជ្ជាជីវៈ ខុសក្រមសីលធម៌ រហូតធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់ស្រក់ទឹកភ្នែកនោះឡើយ។ ក្នុងន័យនេះខ្ញុំ ក៏សូមអំពាវនាវយ៉ាងទទូចដល់ពុកម៉ែមាមីងបងប្អូនទាំងអស់ដែលប្រកបរបររកទទួលទាន សូមមេត្តាស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីធ្វើយ៉ាងណាយើងអាចរក្សាបាននូវសណ្ដាប់ធ្នាប់សាធារណៈដែលបង្កឡើងដោយភាពអាណាធិបតេយ្យរបស់បងប្អូនយើងមួយចំនួនតូច។ សូមអរគុណ!
