កូវីដ-១៩

ចំនួនមរណភាពដោយសារជំងឺកូវីដ១៩ របស់ប្រទេសឥណ្ឌា បានកើនឡើងសរុបដល់ជាង ៣០ម៉ឺននាក់ហើយ

BY
autoadmin
May 24, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera នៅថ្ងៃច័ន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ បានរាយការណ៍ថា ចំនួនមរណភាពដោយសារជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ជាង ៣០០,០០០ ករណី ដែលជាចំនួនដ៏ច្រើនបំផុតទី៣ នៅក្នុងពិភពលោកនេះ បន្ទាប់ពីប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិក។ ក្រសួងសុខាភិបាលឥណ្ឌាបាននិយាយថា ការស្លាប់ទាក់ទងនឹងជំងឺ COVID-19 ចំនួន ៤,៤៥៤ ករណី ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនស្លាប់សរុបរបស់ប្រទេសមានចំនួន ៣០៣,៧២០ ករណី។ ពោលគឺត្រឹមរយៈពេលមិនដល់ ២សប្ដាហ៍ផង ប្រទេសឥណ្ឌាមានការស្លាប់ថ្មីរហូតដល់ទៅ ៥០,០០០ ករណីទៅហើយ។

ក្រសួងសុខាភិបាលឥណ្ឌាក៏បានឱ្យដឹងដែរថា ចំនួនអ្នកជំងឺ COVID-19 បានកើនឡើងដល់ ២២២,៣១៥ ករណី សម្រាប់តួលេខនៅថ្ងៃច័ន្ទនេះ ដែលធ្វើឱ្យចំនួនឆ្លងសរុបកើនដល់ ២៦.៧៥ លានករណី ហើយវាគឺជាចំនួនច្រើនបំផុតទី២ នៅក្នុងពិភពលោកនេះ។ ក្រុមអ្នកជំនាញខ្លះនៅតែជឿថា តួលេខទាំងឆ្លង និងស្លាប់របស់ប្រទេសឥណ្ឌា អាចមានច្រើនជាងការបង្ហាញពី ៥ ទៅ ១០ដង។ ខណៈការឆ្លងដ៏ច្រើនរបស់ប្រទេសនេះត្រូវបានគេមើលឃើញថា ដោយសារតែភាពយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំង ហើយឥឡូវនេះពួកគេក៏កំពុងប្រឈមនឹងជំងឺផ្សិតម៉្យាងហៅថា «black fungus» ដែលកំពុងធ្វើឱ្យក្រុមគ្រូពេទ្យមានការព្រួយបារម្ភយ៉ាងខ្លាំង៕

អត្ថបទ៖ លីដា
ប្រភព៖ Aljazeera

Share This Post: