អ្នកគ្រោងទៅលេងសមុទ្រ គួរផ្អាកសិនទៅ ដោយសារចាប់ពីស្អែកទៅមានភ្លៀងធ្លាក់ ខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ ដោយសូមជម្រាបជូនថា ប្រព័ន្ធសម្ពាធទាប(ITCZ) បន្តអូសបន្លាយកាត់នៅប៉ែកខាងលើនៃតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន។ ជាមួយគ្នានោះខ្យល់មូលសុងនិរតីខ្លាំងបក់លើ ព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ
– នៅថ្ងៃទី២៦-២៨ ខែឧសភា នៅបណ្ដាខេត្តនានា នឹងអាចមានភ្លៀងធ្លាក់រាយក្នុងកម្រិតបង្គួរទៅខ្លាំង។ បន្ទាប់ពីនោះនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ។
២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ
– នៅថ្ងៃទី២៦-២៨ ខែឧសភា ផ្នែកមួយចំនួននៃបណ្ដាខេត្តស្ថិតនៅក្នុងភូមិសាស្ត្រ ជាប់ជួរភ្នំដងរែក និងនៅខ្ពង់រាបជាប់និងប្រទេសវៀតណាម អាចមានភ្លៀងរាយប៉ាយក្នុងកម្រិតពីបង្គួរទៅខ្លាំង។
៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ
– នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង។ នៅលើផ្ទៃសមុទ្រនិងអាចមានភ្លៀងធ្លាក់ខ្លាំង ជាមួយនិងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាប ជាព័ត៌មាននិងសូមប្រុងប្រយ័ត្នចំពោះបាតុភូត ភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ សម្រាប់ប្រជានេសាទ និងអ្នកដំណើរសមុទ្រសូមបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លៀង ខ្យល់បក់ខ្លាំង និងរលកសមុទ្រដែលអាចមានកម្ពស់ ១-២,៥ម៉ែត្រ ចាប់ពីថ្ងៃទី២៦-២៩ ខែឧសភា ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology