សង្ស័យរឿងគំនុំចាស់ បុរស២នាក់បើកកង់បីឥណ្ឌា ជិះតាមបំបុកពីក្រោយបុរសម្នាក់រងរបួសធ្ងន់ ធ្វើបែបនេះទៀត បណ្ដាលអោយបាត់បង់ជីវិតជនរងគ្រោះគួរឲ្យអាណិត (មានវីដេអូ)
រាជធានីភ្នំពេញ៖ សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា បុរស២នាក់ បើកកង់បីឥណ្ឌា តាមបំបុកបុរសម្នាក់ បណ្ដាលឲ្យដួលបាក់ជើង២កំណាត់ ហើយយកថ្មជើងឆត្រ វាយអុកបន្ថែមទៀត បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម សង្ស័យជំរះគំនុំចាស់ ហើយនាំគ្នាបើកកង់បីឥណ្ឌា ថយក្រោយរត់គេចខ្លួនទាំងភ័យស្លន់ស្លោរ ទៅបុកថូផ្កាផ្ទះអ្នកជិតខាងបណ្ដាលឲ្យបែកហើយបើកចេញទៅដេកផ្ទះរៀងៗខ្លួនអស់ លុះព្រឹកឡើងកម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះទៅក្របួចដល់មុខផ្ទះ។

ជនសង្ស័យទាំងពីរនាក់មាន ទី១.មានឈ្មោះ កែវ យិនភី ហៅតួ អាយុ២៧ឆ្នាំ អ្នករត់កង់បីឥណ្ឌា ទីលំនៅផ្ទះលេខ៣៧ ផ្លូវលេខ៤៥BT សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ។ ទី២.ឈ្មោះ រ៉េត បញ្ញា ហៅម៉ក់ អាយុ២៤ឆ្នាំ មុខរបរអ្នកមើលម៉ូតូផ្សារបឹងទំពន់(ទល់មុខកន្លែងកើតហេតុ) ទីលំនៅ ខណ្ឌទួលគោក ។ សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
ហេតុការណ៍ដ៏សាហាវនេះ បានកើតឡើងនៅផ្លូវលំមួយកន្លែង ច្រកចូលវត្តសន្សំកុសល កែងផ្លូវ៣៣BT ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ។ លុះម៉ោង០៥៖៣០នាទីព្រឹក ទើបមានអ្នកជិតខាងដឹងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលបឹងទំពន់ទី១ នៃអធិការដ្ឋានខណ្ឌមានជ័យ ចុះមកត្រួតពិនិត្យ ហ៊ុមព័ទ្ធជុំវិញកន្លែងកើតហេតុ រងចាំសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញ ចុះពិនិត្យមើល។
បើតាមសម្ដីលោក វរសេនីយ៍ត្រី ឈិន ចំរើន នាយប៉ុស្តិ៍បឹងទំពន់ទី១ បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងដឹងថា នៅវេលាម៉ោងកើតហេតុ មានករណីឃាតកម្មមួយ បានកើតឡើងនៅចំណុចខាងលើ ទើបកម្លាំងបានចុះទៅ ពិនិត្យមើលកន្លែងកើតហេតុ ដោយអោយកម្លាំងហ៊ុមព័ទ្ធជុំវិញកន្លែងកើតហេតុ រងចាំសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញ ចុះពិនិត្យមើលនិងបានពិនិត្យ កាមេរ៉ាសុវត្ថិភាព នៅក្បែរកន្លែងកើតហេតុភ្លាមៗដែរ។ រហូតដល់ម៉ោង០៥៖៣០នាទីព្រឹក ថ្ងៃដដែលនេះ ទើបមានអ្នកជិតខាងដឹង រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលបឹងទំពន់ទី១ នៃអធិការដ្ឋានខណ្ឌមានជ័យ ពីដំណើររឿងហេតុ ដែលបានកើតឡើង ទើបលោករាយការណ៍ប្រាប់លោក អធិការខណ្ឌមានជ័យ ដើម្បីសុំគោលការណ៍ធ្វើការបន្ត។ បន្ទាប់ពីមានការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ នាម៉ោង០៨ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឈិន ចំរើន នាយប៉ុស្តិ៍បឹងទំពន់ទី១ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ខាងលើ យកមកសាកសួរនៅ ស្នាក់ការប៉ុស្តិ៍ បឹងទំពន់ទី១ ដោយមានការចូលរួមដឹកនាំដោយ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន ចុះពិនិត្យមើល និងសួរចម្លើយជនសង្ស័យផងដែរ។
ចំណែកសពកំពុងត្រូវបានក្រុមគ្រូពេទ្យ មន្ទីរសុខាភិបាល រាជធានីភ្នំពេញ ចុះធ្វើសំណាករួចហើយគឺ អវិជ្ជមាន ជំងឺកូវីដ១៩ ទើបប្រគល់អោយកម្លាំងជំនាញ កោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ និងធ្វើការកោសល្យវិច័យបន្ត តាមជំនាញ ទើបធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕















ដោយ៖ បងម៉េង ខ្មែរណូត