កូវីដ-១៩

ប្រទេសឥណ្ឌារាយការណ៍ពីករណីជំងឺកូវីដ១៩ ថ្មីចំនួន ១៩៦,៤២៧ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលជាចំនួនតិចបំផុតមួយចាប់តាំងពីពាក់កណ្ដាលខែមេសា

BY
autoadmin
May 25, 2021

ប្រទេសឥណ្ឌាបានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ១៩៦,៤២៧ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលជាការកើនឡើងប្រចាំថ្ងៃតិចបំផុតមួយ ចាប់តាំងពីថ្ងៃទី១៤ ខែមេសា ប៉ុន្តែការស្លាប់ដោយសារជំងឺ COVID-19 របស់ប្រទេសនេះ គឺនៅតែមានការកើនឡើង ជាមួយនឹងការស្លាប់ថ្មីចំនួន ៣,៥១១ នាក់ សម្រាប់ថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១។ យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា តួលេខចុងក្រោយនេះនាំឱ្យចំនួនឆ្លងសរុបនៅឥណ្ឌាមានសរុបចំនួន ២៦.៩៥ លាននាក់ ខណៈការស្លាប់សរុបមានចំនួន ៣០៧,២៣១ នាក់។

ចំនួនការស្លាប់សរុបរបស់ប្រទេសឥណ្ឌាគឺជាចំនួនខ្ពស់បំផុតទី៣ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល ដែលស្មើនឹង ៨.៦% នៃចំនួនអ្នកស្លាប់ទាំង ៣.៤៧ លាននាក់ នៅទូទាំងពិភពលោក ហើយចំនួនពិតប្រាកដទំនងជាខ្ពស់ជាងនេះទៅទៀត។ ទោះបីជាមានការថយចុះនៃការឆ្លងជំងឺប្រចាំថ្ងៃក៏ដោយ ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នេះត្រូវបានបំផ្លាញដោយសារភាពយឺតយ៉ាវនៃការចាក់វ៉ាក់សាំងបង្ការជូនពលរដ្ឋ ដែលធ្វើឱ្យមនុស្សជាច្រើនខកខានការចាក់ថ្នាំបង្ការរោគ ហើយជំងឺឆ្លងដ៏កម្រ «black fungus» ក៏បាននិងកំពុងវាយប្រហារអ្នកជំងឺ COVID-19 របស់ប្រទេសនេះ៕

អត្ថបទ៖​ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: