ប្ដីក្បត់ចិត្តប្រពន្ធកំពុងផឹកស៊ីក្នុងផ្ទះស្រីស្នេហ៍ ប្រពន្ធដើមមកទាន់ នាងលើកកែវស្រាបញ្ឈឺចិត្តរួចយកទឹកជះកណ្ដាលមុខប្រពន្ធដើម ធ្វើឲ្យប្រតាយប្រតប់គ្នាមួយប្រាវ ផ្អើលពេញក្នុងបុរីពិភពថ្មី
រាជធានីភ្នំពេញ ៖ ប្ដីកំហូចម្នាក់លួចលាក់មានស្រីក្បត់ចិត្តប្រពន្ធ ត្រូវបានស្ត្រីម្នាក់ដែលអះអាងថាជាប្រពន្ធដើម តាមរកឃើញខណៈពេលកំពុងអង្គុយផឹកស៊ីជុំគ្នាក្នុងផ្ទះល្វែងរបស់ស្រីស្នេហ៍ ស្ថិតក្នុងបុរីពិភពថ្មី ផ្ទះលេខ៧៧A ផ្លូវលេខ១៩ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ក៏ផ្ទុះហិង្សាប្រតាយប្រតប់គ្នាមួយប្រាវ បង្កភ្ញាក់ផ្អើលដល់អ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍ កាលវេលាម៉ោង១០:១០នាទីយប់ ថ្ងៃអង្គារ៍ ទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ។

បើតាមសម្ដីស្ត្រីជាប្រពន្ធដើមបានប្រាប់អ្នកយកព័ត៍មានខ្មែរណូតយើងថា រូបគាត់និងប្ដីបានរៀបមង្គលការជាមួយគ្នា មានការចុះបញ្ជីអាពាហ៍ពិពាហ៍ និងអេតាស៊ីវិលស្របច្បាប់ត្រឹមត្រូវ អស់រយ:ពេលជិត១០ឆ្នាំមកហើយ ដោយមានកូនស្រីម្នាក់ ជាចំណងដៃអាពាហ៍ពិពាហ៍ផងដែរ ។ តែកន្លងមកប្ដីរបស់គាត់បានលួចទាក់ទងស្រីស្នេហ៍អស់រយៈពេលជាងមួយឆ្នាំមកហើយ និងមានថ្ងៃមួយគាត់បានតាមទាន់ឃើញកំពុងផឹកស៊ីជាមួយគ្នា ហើយស្រីជាប្រពន្ធចុងនោះបានឌឺដង ដាក់គាត់ថែមទៀត ព្រមទាំងទាញកែវគប់មកលើគាត់ ចំចិញ្ចើមខាងស្ដាំ បណ្ដាលឲ្យរងរបួសដេរដល់ទៅដប់ថ្នេរ ។ ដោយសារមានការលួងលោមពីប្ដីរបស់គាត់ កុំឲ្យមានការប្ដឹងផ្ដល់គ្នា ហើយប្ដីរបស់គាត់សន្យាថាឈប់ទាក់ទងគ្នាទៀត ទើបគាត់សុខចិត្តតាមលោកប្ដីកំហូចមិនប្ដឹងផ្ដល់វិញ ។
ស្ត្រីជាប្រពន្ធដើមបន្តថា ដោយសារតែប្ដីរបស់គាត់សម្ដីផ្អែមហើយពូកែលួងលោមគាត់ ទើបគាត់ខ្លាចប្ដីលួចទាក់ទងស្រីម្នាក់នោះទៀត លុះមកទល់យប់កើតហេតុ គាត់បានបើករថយន្តព្រូសមួយគ្រឿង មកតាមផ្លូវក្នុងបុរីពិភពថ្មី ត្រង់ចំណុចកើតហេតុ ក៏បានក្រឡេកឃើញ រថយន្តព្រូស(TOYOYA PRIUS) ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 2AZ-1072 ដែលជារថយន្តរបស់គាត់ ។ ទើបគាត់គិតថាប្ដីគាត់ ពិតជានៅក្នុងផ្ទះមួយនេះ ជាមួយស្រីហើយ រួចគាត់ក៏បានបើករថយន្តបត់ត្រលប់ក្រោយវិញ ដើម្បីមកអឺតមើល ស្រាប់តែឃើញប្ដីរបស់ខ្លួនកំពុងជួបជុំគ្នាផឹកស៊ីយ៉ាងសប្បាយក្អាកក្អាយជាមួយស្រីស្នេហ៍ម្នាក់នោះពិតមែន ។ ពេលនោះគាត់បានទូរស័ព្ទប្រាប់អ្នកស្គាល់គ្នាបានដឹង ដើម្បីមកជួយធ្វើជាសាក្សីផងដែរ ។
សាក្សីដែលឃើញហេតុការណ៍ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីដែលជាប្រពន្ធដើម បើករថយន្តទៅឈប់នៅផ្លូវកែងម្ខាងទៀត រួចចុះដើរទៅមុខផ្ទះកើតហេតុ ស្រែកហៅបុរសដែលជាប្ដីមកដោះស្រាយគ្នា ចំណែកប្ដីគ្រាន់តែឃើញប្រពន្ធមកដល់ដូច្នេះ ក៏បានគេចមុខចូលទៅក្នុងផ្ទះបាត់ទៅ ស្រាប់តែនារីម្នាក់ជាស្រីស្នេហ៍នោះបានជេរប្រពន្ធដើម ហើយប្រពន្ធដើមក៏បានជេទៅវិញ ហើយនារីជាស្រីស្នេហ៍រូបនោះ ក៏មិនខ្លាចប្រពន្ធដើមដែរ បែរជាលើកកែវស្រានិយាយបញ្ឈឺចិត្តប្រពន្ធដើមហើយលើកផឹកមួយ រួចដើរចូលទៅផ្ទះបាយ យកទឹកក្ដៅអ៊ុនៗមួយចានដែកជ័រ ត្រលប់មកជះលើមុខប្រពន្ធដើម រួចយកចានដែកជ័រនោះ វាយក្បាលប្រពន្ធដើម ទើបប្រពន្ធដើមស្ទុះទៅប្រតាយប្រតប់គ្នាតែម្ដង ឃើញដូច្នេះបុរសជាប្ដីក៏ចេញពីក្នុងផ្ទះមកចាប់បំបែក ប្រពន្ធដើមទៅម្ខាង រួចចាប់នារីជាស្រីស្នេហ៍ចូលក្នុងផ្ទះបិទទ្វារដាក់គន្លឹះជាប់។ ទើបមួយសន្ទុះក្រោយមក ស្រាប់តែឃើញប្ដីរបស់គាត់ដូរសម្លៀកបំពាក់ បើកទ្វារចេញមកក្រៅវិញ បម្រុងយករថយន្ត PRIUS បើកចេញពីកន្លែងកើតហេតុ តែត្រូវប្រពន្ធដើមឃាត់មិនឲ្យយកចេញទៅណាឡើយ ដើម្បីរង់ចាំសមត្ថកិច្ចមកដោះស្រាយគ្នាសិន តែប្ដីគាត់មិនស្ដាប់ឡើយ ណាមួយខ្មាស់គេផងក៏សុខចិត្តដើរថ្មើរជើងចេញបាត់ទៅ ។
បច្ចុប្បន្នក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកផ្ទះកើតហេតុខាងលើ ហើយបានឲ្យស្ត្រីរងគ្រោះជាប្រពន្ធដើម ទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ័នគរបាលរដ្ឋបាលព្រៃស ដើម្បីដោះស្រាយគ្នាតាមច្បាប់ ។ ចំពោះករណីខាងលើនេះដែរ ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាព មិនអាចសុំការបំភ្លឺពីភាគីខាងប្ដី ឬនារីជាស្រីស្នេហ៍បាននោះទេ ព្រោះសួរមិនឆ្លើយ និងគេចវេសចេញទៅបាត់ យើងខ្ញុំនឹងរងចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធករណីនេះ ដោយក្ដីរីករាយ ៕

ដោយ៖ បងម៉េង ខ្មែរណូត