ឆក់ចំថ្ងៃស៊យ! ជនសង្ស័យ២នាក់ឆក់ទូរស័ព្ទដៃជនបរទេសមិនបានសម្រេច ហើយត្រូវសមត្ថកិច្ចដេញចាប់បានទៀត
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ការិ.ព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ ប្រដេញចាប់ប្រផាប់ប្រភីង បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ ជាក់ស្ដែង តែមិនបានសម្រេច ពីជនបរទេស កំពុងដើរតាមដងផ្លូវ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៤ និង៤០នាទីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅមហាវិថីព្រះនរោត្តម កែងផ្លូវលេខ២៤០ មូលដា្ឋនសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជនសង្ស័យទាំងនាក់ ទី១ ឈ្មោះ សោម ចាន់ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ សង្កាត់ គីឡូលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ ជាអ្នកបេីកម៉ូតូ។ ទី២ឈ្មោះ សុខ សុភ័ក្រ្ត អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ សង្កាត់ គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ អ្នកធ្វើសកម្មភាពឆក់។
ដោយមានកាបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបញ្ជាឱ្យ លោក ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឲ្យដាក់កម្លាំងល្បាតមូលដ្ឋានតាមតំបន់ងាយរងគ្រោះចំពោះករណីឆក់ ក្នុងនោះកម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានធ្វើការល្បាតទៅតាមផែនការដែលថ្នាក់ដឹកនាំបានចាត់តាំង ពេលកម្លាំងជំនាញកំពុងល្បាតក្នុងមូលដ្ឋាន និងភូមិសាស្ត្រ ងាយរងគ្រោះ ស្រាប់តែប្រទះឃើញ ជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាក់ អាសង់ ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BT- 5712 ធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃជាក់ស្ដែង ពីជនបរទេស កំពុងតែដើរហាត់ប្រាណនៅតាមបណ្ដោយផ្លូវលេខ២៨៨ កែងផ្លូវលេខ៦៣ មូលដ្ឋានសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង តែមិនបានសម្រេច ភ្លាមៗនោះ កម្លាំងជំនាញ បានប្រដេញប្រផាប់ប្រភីង រហូតដល់ចំណុច នៅមហាវិថីព្រះនរោត្តម កែងផ្លូវលេខ២៤០ មូលដា្ឋនសង្កាត់ចតុមុខ ខណ្ឌដូនពេញ ទើបចាប់ជនសង្ស័យបាន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមទាំងម៉ូតូធ្វើសកម្មភាពត្រូវបាននគរបាលឃាត់និងទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីចាត់ការតាមនីតិវិធី៕






ប្រភព៖ ការិ.ព្រហ្មទណ្ឌកម្រិតធ្ងន់