ប្រទេសឥណ្ឌាកត់ត្រាករណីជំងឺកូវីដ១៩ ចំនួន ១៨៦,៣៦៤ ករណី ដែលជាការឆ្លងតិចបំផុតមួយចាប់តាំងពីខែមេសា
- BY
- autoadmin
- May 28, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ចំនួន ១៨៦,៣៦៤ ករណី ដែលជាការកើនឡើងប្រចាំថ្ងៃទាបបំផុតចាប់តាំងពីថ្ងៃទី១៤ ខែមេសា ខណៈការស្លាប់មានដល់ ៣,៦៦០ នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ក្រសួងសុខាភិបាលបាននិយាយថា គិតមកទល់ពេលនេះឥណ្ឌាមានករណីជំងឺ COVID-19 សរុបចំនួន ២៧.៥៦ លាននាក់ ហើយចំនួនអ្នកស្លាប់មានដល់ ៣១៨,៨៩៥ នាក់។ ចំនួនសរុបជាផ្លូវការរបស់ប្រទេសឥណ្ឌាបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប៉ុន្តែមានការព្រួយបារម្ភថា ការឆ្លងថ្មីៗជាច្រើនមិនត្រូវបានគេរាយការណ៍ទេ ភាគច្រើនដោយសារតែការធ្វើតេស្តនៅជនបទ។

ទិន្នន័យផ្លូវការរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័របានបង្ហាញថា ជំងឺ COVID-19 នៅតំបន់អាស៊ីខាងត្បូង បានកើនឡើងដល់ ៣០ លាននាក់ គិតត្រឹមថ្ងៃសុក្រនេះផ្ទាល់ ដោយរួមមាន៖ ប្រទេសឥណ្ឌា បង់ក្លាដែស ប៉ាគីស្ថាន ប៊ូតាន នេប៉ាល់ ម៉ាល់ឌីវ និងស្រីលង្កា ហើយវាបានចូលរួម ១៨% នៃករណីជំងឺ COVID-19 របស់ពិភពលោក និងខណៈការស្លាប់ក៏បានចូលរួម ១០% ផងដែរ។ ប្រទេសឥណ្ឌាក៏បានបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់មនុស្សគ្រប់រូប ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅក្នុងខែនេះផងដែរ ប៉ុន្តែវាមិនអាចបំពេញតម្រូវការបាននោះទេ ទោះបីជាប្រទេសនេះផ្ទាល់គឺជាអ្នកផលិតវ៉ាក់សាំងធំបំផុតមួយនៅលើពិភពលោកក៏ដោយ៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






