ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមរថយន្តធន់ធំ ដែលដាក់ស៊ីផ្លេខ្យល់លឺៗតម្លង់គេឯង ត្រូវសមត្ថកិច្ចឃាត់បានហើយ និងឲ្យដោះស៊ីផ្លេនោះចេញ

    BY Khmernote Media June 3, 2021
    ក្រុមរថយន្តធន់ធំ ដែលដាក់ស៊ីផ្លេខ្យល់លឺៗតម្លង់គេឯង ត្រូវសមត្ថកិច្ចឃាត់បានហើយ និងឲ្យដោះស៊ីផ្លេនោះចេញ

    កណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបជូនសាធារណជន និងគណនីហ្វេសប៊ុកឈ្មោះ សុភ័ក្រ ចារ៉ាវី ដែលបានបញ្ចេញមតិយោបល់ (comment) ចូលក្នុងផេកហ្វេសប៊ុករបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារថា ៖ សូមបងៗសមត្ថកិច្ចនៃស្នងការនគរបាលខេត្តកណ្ដាល ជាពិសេស ឯកឧត្តម ឈឿន សុចិត្ត សូមមេត្តាជួយអនុវត្តច្បាប់នៅឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាលផង មានឡានដឹកដីភ្នំជាច្រើនស៊ីផ្លេឮខ្លាំងណាស់ហើយបើកលឿនដូចហោះអញ្ចឹងមិនគោរពសិទ្ធិអ្នកបើកបរដទៃ ដឹកដីមិនគ្របប៉ះពាល់ដល់អ្នកបើកបរដូចជាម៉ូតូ ជាពិសេសនៅចំណុចផ្សារស្អាងភ្នំជាដើម សូមបងសមត្ថកិច្ចជួយចុះអន្តរាគមន៍ផងពីខ្ញុំបាទប្រជាពលរដ្ឋនៅឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ប្រជាពលរដ្ឋគាត់មិនពេញចិត្តនឹងការបើកបររបស់ឡានដឹកដីនៅចំណុចឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ជាដើម ។

    ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយជំនាញផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកស្អាង ចុះស្រាវជ្រាវចំពោះករណីខាងលើជាបន្ទាន់។

    ជាលទ្ធផល ៖ នៅថ្ងៃទី០១-០២ ខែមិថុនា ឆ្នាំ២០២១ កម្លាំងការិយាល័យជំនាញខេត្ត សហការជាមួយផ្នែកសណ្ដាប់ធ្នាប់ និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកស្អាង ចុះស្រាវជ្រាវ ត្រួតពិនិត្យ និងឃាត់រថយន្តបានចំនួន ១៩គ្រឿង ដកហូតស៊ីផ្លេខ្យល់ ៩ដើម នៅលើបណ្តោយផ្លូវជាតិលេខ២១ និងផ្លូវលេខ ១២១០ ស្ថិតនៅក្នុងឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ ដោយរថយន្តទាំងនោះ ត្រូវបានកម្លាំងជំនាញធ្វើការអប់រំ និងធ្វើកិច្ចសន្យាដល់អ្នកបើកបរដូចខាងក្រោម៖

    ១.ចាប់ពីថ្ងៃនេះតទៅ ខ្ញុំបាទនិងគោរពតាមការ អប់រំណែនាំ របស់សមត្ថកិច្ចដោយពេលដឹកជញ្ជូនខ្សាច់ ឬដី ខ្ញុំបាទនិងគ្របឲ្យបានត្រឹមត្រូវ មិនឲ្យហៀរជ្រុះ ឬហូរទឹកធ្លាក់មកលើផ្លូវឡើយ។

    ២.ខ្ញុំបាទនិងបំពាក់ស្លាកលេខយាន មានឯកសារយានយន្យ មិនបើកបរលឿន មិនបើកវ៉ាជែង មិនស៊ីផ្លេនៅកន្លែងហាមស៊ីផ្លេ និងមិនប្រើប្រាស់ស៊ីផ្លេខ្យល់។

    ៣.បើខ្ញុំបាទមិនគោរពតាមកិច្ចសន្យាខាងលើ ខ្ញុំបាទនឹងទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ ដោយឥតប្រកែកតវ៉ាឡើយ។

    ដោយឡែក ជំនាញផាកពិន័យរថយន្តចំនួន៧គ្រឿង ៖ -ផ្ទុកសំពីងសំពោង ១គ្រឿង, -មិនពាក់ខ្សែក្រវ៉ាត់ ៦គ្រឿង ស្មើទឹកប្រាក់ចំនួន ១,២០០,០០០រៀល។
    អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាជាព័ត៌មាន និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកជាធរមាន ៕

    Share This Post: