បង្ក្រាបទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយ ដកហូតបានប៊ីចេងជិត២០តោននៅខណ្ឌឫស្សីកែវ
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំៗ០១៨ កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្ត្រីកាំកុងត្រូល និងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយ សរុបទំងន់ទាំងអស់ប្រមាណ១៧តោន។ ក្នុងផ្ទះ លេខAB4-5 ផ្លូវ56R សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ។
មន្រ្តីជំនាញបានអោយដឹងថា កម្លាំងបានចុះត្រួតពិនិត្យប៊ីចេងក្លែងក្លាយដកហូតជាង១៧តោន រក្សាទុកនៅផ្ទះលេខAB45 ផ្លូវលេខ៥៦R សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ និងទីតាំងមួយកន្លែងទៀត ស្ថិតនៅខាងក្រោយរោងចក្រអគ្គីសនីផ្ទះលេខ៨០ ផ្លូវ១០៤CC ខណ្ឌពោធិ៍សែនជ័យ ដកហូតបុីចេង ៦៥ បាវ ស្មើនឹង១,៦២៥ គីឡូក្រាម។
ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចរកឃើញប៊ីចេងក្លែងក្លាយ និងភ័ស្តុតាងរួមមាន: ប៊ីចេងបាវសចំនួន ៣៥២បាវ ប៊ីចេងបាវគគីរចំនួន ១២៥បាវ ប៊ីចេងរាយម៉ាក Win Win ចំនួន ១៤០បាវ ប៊ីចេងច្រករួច (500g) ចំនួន ៣២បាវ ប៊ីចេងច្រករួចម៉ាក Gold Cup ចំនួន ៤៧កេស ប៊ីចេងរូបវែក (250g) ម៉ាស៊ីនដេរម៉ាត់បាវ២គ្រឿង ម៉ាស៊ីនអ៊ុតម៉ាត់ថង់ ០១គ្រឿង ម៉ាស៊ីនរុំខ្សែ និងកាត់ខ្សែចំនួន ២គ្រឿង ជញ្ជីងថ្លឹង ២គ្រឿង បាវរូបវែក ៩៣បាវ និងប៊ីចេងរាយមិនទាន់វេចខ្ចប់មួយចំនួនទៀតសរុបទំងន់ទាំងអស់ប្រមាណ ១៧តោន។
ក្រោយត្រួតពិនិត្យរួច មន្រ្តីជំនាញបានដកហូត និងយកគំរូប៊ីចេងមួយចំនួនបញ្ជូនទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល៕






