រដ្ឋបាលរាជធានីភ្នំពេញដាក់ឲ្យដំណើរការម៉ាស៊ីនកាយប្រមូលសំរាមស្វ័យប្រវត្តិមុខចម្រឹងដែក ទប់សំរាមនៅស្ថានីយបូមទឹកផ្សារចាស់ និងស្ថានីយបូមទឹកចតុមុខ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឲ្យដំណើរការម៉ាស៊ីនកាយប្រមូលសំរាមស្វ័យប្រវត្តិមុខចម្រឹងដែក ទប់សំរាមនៅស្ថានីយបូមទឹក ផ្សារចាស់ និងស្ថានីយបូមទឹកចតុមុខ ដែលជាគម្រោងការពារទឹកជំនន់ជំហានទី៤របស់ចៃកា ដើម្បីរំដោះទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងលោក Toshikazu TOKIOKA លេខាទី១ស្ថានទូតជប៉ុន លោកស្រី Aya TOKUMOTO តំណាងអង្គការ JICA កាលពីថ្ងៃទី៣ ខែមិថុនា បានដាក់ឲ្យ ដំណើរការម៉ាស៊ីនកាយប្រមូលសំរាម ស្វ័យប្រវត្តិមុខចម្រឹងដែក នៅស្ថានីយ៍បូមទឹកផ្សារចាស់ និងស្ថានីយបូមទឹកចតុមុខ ដោយសារសំរាមជាឧបសគ្គបាំងបិទសម្រាស់ស្ថានីយ ធ្វើឲ្យលំហូរទឹកមិនអាចហូរទាន់ពេលមកដល់ស្ថានីយ៍បូម និងអាងស្តុកទឹកក្រោមដី។
មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គិតមកដល់ពេលនេះ ម៉ាស៊ីនកាយប្រមូលសំរាមស្វ័យប្រវត្តិថ្មី ចំនួន៤កន្លែង ក្នុងចំណោម ៥កន្លែង បានដាក់ឲ្យដំណើរការ ដែលនឹងកាត់បន្ថយទឹកជន់លិចនៅតំបន់មុខព្រះបរមរាជវាំង ផ្សារកណ្តាល ផ្សារថ្មី វាលមេរុ ផ្លូវលេខ១៩ ផ្លូវលេខ១៥៤ ផ្លូវលេខ ១៤៤ ផ្លូវលេខ ១៣ និងមួយផ្នែកនៃតំបន់ខាងកើតនិងខាងត្បូងវត្តភ្នំ ក្នុងខណ្ឌដូនពេញ។ លោកបន្តថា ជាក់ស្ដែងសម្រាប់ពេលនេះអាជ្ញាធររាជធានីភ្នំពេញបានសហការជាមួយអង្គការចៃកា ដាក់ឲ្យដំណើរការ ម៉ាស៊ីនកាយប្រមូលសំរាមស្វ័យប្រវត្តិមុខចម្រឹងដែក ទប់សំរាមនៅស្ថានីយ៍បូមទឹកផ្សារចាស់ និងស្ថានីយ៍បូមទឹកចតុមុខ ដើម្បីឲ្យលំហូរទឹក អាចហូរបានទាន់ពេល មកកាន់ស្ថានីយ៍បូម និងអាងស្តុកទឹកក្រោមដី កាត់បន្ថយទឹកជន់លិចនៅរដូវវស្សានេះ។
សូមបញ្ជាក់ថា គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ក្នុងរាជធានីភ្នំពេញត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី០៤ របស់ចៃកានេះ មានទឹកប្រាក់ សរុបប្រមាណ ៣៦លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលគម្រោងនេះ រួមមានការសាងសង់អាងស្តុកទឹកក្រោមដី ស្ថានីយបូមទឹក របារត្រងសំរាមមេកានិចស្វ័យប្រវត្តិ និង រថយន្តបំពាក់ម៉ាស៊ីនបូមទឹក ក្នុងនោះការសាងសង់ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធ ប្រឡាយលូក្នុងតំបន់ខាងជើងវត្តភ្នំ និងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ ខណ្ឌទួលគោកជាដើម៕




ប្រភព៖ ក្រសួងព័ត៌មាន