បច្ចេកវិទ្យា MagSafe របស់ក្រុមហ៊ុន Apple អាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការរបស់ឧបករណ៍ជំនួយបេះដូង
យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ សមាគមផ្នែកបេះដូងរបស់សហរដ្ឋអាមេរិក (American Heart Association) បានផ្សព្វផ្សាយ ពីហានិភ័យដែលអាចធ្វើឱ្យឧបករណ៍រំញោច ឬជំនួយបេះដូងមានដូចជា Pacemaker និង Defibrillator ឈប់ដំណើរការនៅពេលដែលពួកគេបានដាក់ទូរស័ព្ទ iPhone 12 នៅជិតឧបករណ៍ទាំងនេះ។

ទាក់ទងនឹងការស្រាវជ្រាវនេះពួកគេបានសាកល្បងដាក់ទូរស័ព្ទ iPhone 12 Pro Max នៅជិតឧបករណ៍ជំនួយបេះដូងចំនួន៨ និងនៅលើស្បែករបស់អ្នកប្រើប្រាស់ដែលមានប្រើឧបករណ៍ជំនួយបេះដូងចំនួន៣នាក់ ដែលឧបករណ៍ទាំងនេះមកពីក្រុមហ៊ុនធំៗមានដូចជា Medtronic, Abbott និង Boston Scientific ហើយជាលទ្ធផលបង្ហាញថាឧបករណ៍ទាំងនេះត្រូវបានផ្អាកដំណើរការ។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Apple ក៏បានណែនាំឱ្យអ្នកប្រើប្រាស់ដាក់ទូរស័ព្ទ ឬឧបករណ៍ MagSafe ឱ្យបានចម្ងាយយ៉ាងតិច ១៥សង់ទីម៉ែត្រនៅពេលប្រើប្រាស់ ឬ ៣០សង់ទីម៉ែត្រនៅពេលដែលលោកអ្នកកំពុងតែបញ្ចូលថ្ម ពីឧបករណ៍រំញោចបេះដូង។
ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់របស់លោកអ្នក ក្រុមអ្នកស្រាវជ្រាវមួយចំនួនទៀតក៏ធ្លាប់បានសំណូមពរឱ្យអ្នកប្រើប្រាស់ដែលមានដាក់ឧបករណ៍រំញោចបេះដូង Pacemaker ឬ Defibrillator នៅក្នុងខ្លួន ចៀសវាងដាក់ទូរស័ព្ទនៅក្នុងហោប៉ៅអាវខាងលើ ឬនៅលើទ្រូងរបស់ពួកគេ។ សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងការស្រាវជ្រាវនេះ លោកអ្នកអាចចូលទៅអានតាមតំណភ្ជាប់ដូចខាងក្រោម៖
https://www.ahajournals.org/doi/10.1161/JAHA.121.020818
