ហួសចិត្ត! ឃើញខោអាវច្រើនពេក ខ្ចិលបោកប្រមូលដុតចោលតែម្តង
ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ករណីអំពើហិង្សាក្នុងគ្រួសារ (ដុតផ្ទះ) កើតហេតុនៅថ្ងៃសៅរ៍ ១០រោច ខែជេស្ឋ ឆ្នាំឆ្លូវទោស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃ០៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២០ និង០០នាទី ស្ថិតនៅចំណុច ភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ជនរងគ្រោះ ០១ នាក់ (ត្រូវជាឪពុក) មានឈ្មោះ ផាន់ សុផាន ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុ មុខរបរសន្តិសុខ ចំណែកឯជនសង្ស័យចំនួន០១នាក់ត្រូវជាកូន មានឈ្មោះ កែវ សំណាង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ សង្កាត់កើតហេតុ មុខរបរនៅផ្ទះ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក ៖ ដែកកេះចំនួន០១ពណ៌ទឹកសមុទ្រ រីឯសម្ភារៈខូចខាត៖ ពូកដេក ម៉ុងភួយ។ ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង១៩និង៣០នាទីជនសង្ស័យបានក្រោកពីដេក ហើយអង្គុយរវើយរវាយមួយសន្ទុះក៏ឃើញខោអាវច្រើនពេកខ្ជិលបោកក៏បានប្រមូលមកដុត បណ្តាលអោយឆេះខោអាវពូកម៉ុងភួយនៅក្នុងបន្ទប់ហើយឪពុកម្តាយបានពន្លត់ទាន់ពេលវេលា។ បន្ទាប់មក ឪពុកក៏មកដាក់ពាក្យប្ដឹងនៅប៉ុស្ដិ៍រដ្នបាលសង្កាត់ព្រែកឬស្សី។ ពេលទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលព្រែកឫស្សី បានចុះទៅដល់កន្លែងកើតហេតុ រួចសួរនាំធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅបន្តអនុវត្តតាមនិតិវិធី៕
