ផ្ទះបណ្តែតទឹក តាមដងទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានចាប់ផ្តើមរុះរើជាបណ្តើរៗហើយ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ខណៈថ្ងៃឱសានវាទកាន់តែជិតមកដល់ ម្ចាស់ផ្ទះបណ្តែតទឹក ទាំងផ្ទះតូចទាំងផ្ទះធំ និង សំណង់មិនរៀបរយ តាមដងទន្លេមួយចំនួនបានស្ម័គ្រចិត្តរុះរើជាបណ្តើរៗហើយ នៅថ្ងៃទី០៧និងទី០៨ ខែ មិថុនានេះ ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ និងគុណភាពទឹកទន្លេ។

លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ បានមានប្រសាសន៍ឱ្យដឹងថា ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ លោកបានដឹកនាំគណៈបញ្ជា ការឯកភាពរដ្ឋបាលខណ្ឌ ប្ញស្សីកែវ ដែលមានកម្លាំងចម្រុះ ចុះរដ្ឋបាលត្រួតពិនិត្យ បែត្រី និងផ្ទះបណ្តែតទឹក ក្នុងភូមិសាស្រ្តខណ្ឌប្ញស្សីកែវ។ ក្នុងការចុះរដ្ឋបាលត្រួតពិនិត្យ នោះឃើញថា ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេបានស្ម័គ្រចិត្តរុះរើបានពី៤ទៅ៥កន្លែងហើយ ហើយក្រៅពីនោះពួកគាត់ក៏បានសន្យាថា នឹងរុះរើជាបណ្តើរៗទៀត។ លោកបន្តថា៖ រដ្ឋបាលខណ្ឌបានកំណត់យកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ជាថ្ងៃដែល អាជ្ញាធរប្រើវិធានការរដ្ឋបាល ចុះទៅរុះរើ ដោយមិនទទួលការខុសត្រូវរាល់ការខូចខាត និងប្រឈមមុខច្បាប់ថែមទៀត។
ចំណែក លោករស់ សុភ័ក្រ អភិបាលរងខណ្ឌច្បារអំពៅ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០៨ ខែមិថុនានេះដែរថា ជុំវិញវិធានការផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយតាមដងទន្លេនេះ ចំពោះអាជ្ញាធរខណ្ឌច្បារអំពៅ តែងបានចុះផ្សព្វផ្សាយ និងប្រគល់សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញជូនទៅពួកគាត់គ្រប់គ្នា ដើម្បីឱ្យពួកគាត់ រុះរើសំណង់ទាំងអស់នៅចេញមុន១សប្តាហ៍។ ប៉ុន្តែបើគិតមកដល់ត្រឹមថ្ងៃទី០៨ ខែមិថុនានេះ បងប្អូនម្ចាស់ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេមួយចំនួនបានរុះរើជាបណ្តើរៗហើយ ពិសេសគឺបែត្រីតែម្តង។
ដោយឡែក សម្រាប់ខណ្ឌព្រែកព្នៅវិញ ពាក់ព័ន្ធនឹងការ អនុវត្តសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីខាងលើនេះដែរ បើតាមមន្ត្រីរដ្ឋបាលខណ្ឌបានបញ្ជាក់ឱ្យដឹងថា៖ នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ មានផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេចំនួន២៩២ កន្លែងស្មើចំនួន ៣០៨គ្រួសារ ពួកគាត់ទាំងអស់ត្រូវបានអាជ្ញាធរខណ្ឌប្រគល់សេចក្តីជូនដំណឹងដល់ដៃគ្រប់គ្នាហើយ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី មន្ត្រីនោះមិនបានបញ្ជាក់ពីការរុះរើផ្ទះទឹកទាំងនេះបានប៉ុន្មាននៅឡើយទេ។
គួររំលឹកថា៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលចុះហត្ថលេខាដោយឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ កន្លងមកមានជនឱកាសនិយមមួយចំនួនបានលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ីមានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុល បរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខ ភាពនៃប្រជាពលរដ្ឋដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ ។
សេចក្តីជូនដំណឹងបានឱ្យដឹងទៀតថា ចំពោះមុខ ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មខាងលើរដ្ឋបាលរាជ ធានីភ្នំពេញ តម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេល ០១ (មួយ)សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទចេញសេចក្តីជូនដំណឹងនេះតទៅ។ ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធាន ការរដ្ឋបាលដោយពុំទទួល ខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូស អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញស្នើបងប្អូនប្រជាពលរដ្ឋប្តូរទម្លាប់ពីការចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញមកចិញ្ចឹមត្រីតាមស្រះវិញ៕






ប្រភព៖ ក្រសួងព័ត៌មាន