ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខណ្ឌដូនពេញប្រកាស ទុកពេលឲ្យ ៣ថ្ងៃ បញ្ឈប់ការតាំងលក់រថយន្តលើចិញ្ចើមផ្លូវ និងយករថយន្តចេញទាំងអស់ជាកំហិត

    BY Khmernote Media June 9, 2021
    រដ្ឋបាលខណ្ឌដូនពេញប្រកាស ទុកពេលឲ្យ ៣ថ្ងៃ បញ្ឈប់ការតាំងលក់រថយន្តលើចិញ្ចើមផ្លូវ និងយករថយន្តចេញទាំងអស់ជាកំហិត

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា កន្លងមកអាជ្ញាធរបានចុះអនុវត្តការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈបានស្អាតជាប្រចាំ ប៉ុន្តែនៅក្រោយពេលបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញមក រដ្ឋបាលខណ្ឌបានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច បានយករថយន្តមកដាក់តាំងលក់នៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដែលធ្វើឲ្យបាត់បង់សោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបណ្តាលឲ្យមានការកកស្ទះចរាចរណ៍តាមដងផ្លូវយ៉ាងខ្លាំង។

    ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងជាប្រយោជន៍សាធារណៈ រដ្ឋបាលខណ្ឌដូនពេញ សម្រេចដាក់ចេញជាគោលការណ៍ដូចខាងក្រោម៖

    ១.មិនអនុញ្ញាតឱ្យមានការដាក់តាំងលក់ និងចតរថយន្តគ្រប់ប្រភេទនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ជាដាច់ខាតចាប់ពីពេលនេះតទៅ។

    ២.រដ្ឋបាលខណ្ឌដូនពេញទុករយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ១២ ខែមិថុនាឆ្នាំ២០២១ ដើម្បីឱ្យលោក-លោកស្រីយករថយន្តចេញពីទីតាំងខាងលើនេះជាកំហិត។

    ៣.ក្នុងករណី លោក-លោកស្រី នៅតែមិនអនុវត្តតាមសេចក្តីជូនដំណឹង ក៏ដូចជាការណែនាំរបស់រដ្ឋបាល ខណ្ឌដូនពេញទេ នោះរដ្ឋបាលខណ្ឌដូនពេញនឹងចុះអនុវត្តវិធានការរដ្ឋបាលដោយមិនទទួលខុសត្រូវរាល់ការខូចខាតបាត់បង់ទ្រព្យសម្បត្តិលោក-លោកស្រីឡើយ។

    ទទួលបានសេចក្ដីជូនដំណឹងនេះ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោក-លោកស្រី នឹងសហការជាមួយរដ្ឋបាលខណ្ឌដូនពេញ ក្នុងការអនុវត្តន៍ឱ្យមានប្រសិទ្ធភាព និងចាត់ចែងតាមការគួរ ៕

    Share This Post: