អាជ្ញាធរជាតិអប្សរាបញ្ចប់គម្រោងជួសជុលបណ្ណាល័យខាងត្បូងប្រាសាទព្រះខ័ន
ព័ត៌មានជាតិ June 10, 2021 srey nuch

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា បណ្ណាល័យខាងត្បូងនៃប្រាសាទព្រះខ័ន បានបញ្ចប់ការជួសជុលនៅក្នុងខែឧសភា ឆ្នាំ២០២១ លោក ជា សារិទ្ធ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោង បណ្ណាល័យនេះមានសភាពទ្រុឌទ្រោម ហើយទ្រេតខ្លាំងទៅជ្រុងខាងត្បូងដោយសារគ្រឹះចុះខ្សោយ និងដើមស្ពង់ធំដុះពីលើដំបូលធ្វើឱ្យប្រេះស្រាំបើកចំហរធំចាប់ពីផ្នែកដំបូលរហូតដល់ខឿនដែលអាចប្រឈមនឹងការដួលរលំ។

បុរាណវិទូរូបនេះបញ្ជាក់ថា ចាប់តាំងពីខែសីហា ឆ្នាំ២០២០ រហូតដល់ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក World Monuments Fund (WMF) ធ្វើសម្រង់ប្លង់និងសិក្សាយ៉ាងម៉ត់ចត់ពីស្ថានភាពគ្រោះថ្នាក់ រួមទាំងការធ្វើកំណាយបុរាណវិទ្យា ដើម្បីពិនិត្យស្ថានភាពគ្រឹះរបស់ប្រាសាទ។ គម្រោង នេះប្រើរយៈពេលប្រហែល១៥ខែ ត្រូវរុះរើថ្ម ជួសជុលពង្រឹងគ្រឹះ និងរៀបផ្គុំតាមផ្នែកដែលខូចខាតឡើងវិញ។

ក្រោយពេលបញ្ចប់ការជួសជុលបណ្ណាល័យខាងត្បូងនៃប្រាសាទព្រះខ័នរួចរាល់ អាជ្ញាធរជាតិអប្សរា មានផែនការជួសជុលខ្លោងទ្វារខាងកើតនៃអាគារព្រះឥសូរ និងជួសជុលកំពង់ទឹកនៅខាងកើតព្រះខ័ន។ ក្រៅពីនោះអាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោកលើគម្រោងធ្វើផែនទីហានិភ័យ ដើម្បីកំណត់ទីតាំងដែលប្រឈមនឹងគ្រោះថ្នាក់ និងកំណត់គោលដៅជួសជុលនៅកន្លែងអាទិភាព៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority