ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសៀមរាបសម្រេចកំណត់តំបន់ក្រហម ក្នុងភូមិចំនួនបួននៃសង្កាត់ស្រង៉ែ និងអ្នកដែលពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាព

    BY Khmernote Media June 10, 2021
    រដ្ឋបាលខេត្តសៀមរាបសម្រេចកំណត់តំបន់ក្រហម ក្នុងភូមិចំនួនបួននៃសង្កាត់ស្រង៉ែ និងអ្នកដែលពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាព

    ខេត្តសៀមរាប៖ តាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចកំណត់តំបន់ក្រហម លើភូមិរការធំ ភូមិព្រៃធំ ភូមិចន្លោង និងភូមិស្រង៉ែ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។

    ការសម្រេចកំណត់តំបន់ក្រហមនេះ ក្រោយការរកឃើញវិជ្ជមានមេរោគកូវីដ-១៩ ទៅលើសពឈ្មោះ ឃន់ ឃាន ភេទប្រុស អាយុ៥៦ឆ្នាំ អាសយដ្ឋាននៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ដែលបានទទួលមរណភាពនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ និងដោយករណីនេះ មានការទំនាក់ទំនងស្មុគស្មាញជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ។

    រដ្ឋបាលខេត្ត សូមជម្រាបជូនថា ឈ្មោះ ឃាន សុឃួច ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវជាកូនរបស់ ឈ្មោះ ឃន់ ឃាន ដែលបម្រើការងារជាបុគ្គលិកបើកបរ រថយន្តនៅធនាគារអេស៊ីលីដាសាខាសូទ្រនិគម និងភរិយា ត្រូវបានរកឃើញវិជ្ជមានមេរោគកូវីដ-១៩ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ បន្ទាប់ពីរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្រុមការងារបានចុះស្រាវជ្រាវ និងរកឃើញថា ករណីការចម្លងជំងឺកូវីដ-១៩នេះ ទៅក្រុមគ្រួសារ គឺមានប្រភពពីកូនប្រុស ឈ្មោះ ឃាន សុឃួច។

    ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ រដ្ឋបាលខេត្តសូមជម្រាបជូនអំពីទីតាំងមួយចំនួន ដែលឈ្មោះ ឃាន សុឃួច បានទំនាក់ទំនងរួមមាន៖

    -ថ្ងៃទី៣១-ឧសភា-២០២១ បាននាំគ្នាទៅហូបបាយជាមួយមិត្តភ័ក្រ្តចំនួន០៦នាក់ នៅហាងពិភពធម្មជាតិ និងបានជួបជាមួយបុគ្គលិកហាង ៦នាក់ ដែលលើកម្ហូបនិងបាយទឹក។
    -ថ្ងៃទី០២-មិថុនា-២០២១ ពេលព្រឹកបានបើករថយន្តជូនឈ្មោះ យួម ស៊ីណាត និងឈ្មោះ រ៉ុង ធីរ៉ាត់(វិជ្ជមានជំងឺកូវីដ-១៩) ទៅធនាគារជាតិនៃកម្ពុជាសាខាខេត្តសៀមរាប នៅជិតផ្សារចាស់ ពេលមកដល់ឈ្មោះ ឃាន សុឃួច បានជួយលើកកេសឯកសារ ចូលទៅក្នុងធនាគារមួយភ្លេត ហើយចេញមកអង្គុយចាំអ្នកទាំងពីរនាក់ ក្នុងរថយន្តវិញ។
    -ថ្ងៃទី០៣-មិថុនា-២០២១ ពេលព្រឹកធ្វើការនៅធនាគារ ហើយពេលល្ងាចត្រឡប់មកផ្ទះ នៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ដើម្បីមកមើលឪពុកឈឺ ហើយក៏បានស្នាក់នៅជុំគ្នាជាមួយក្រុមគ្រួសារ។
    -ថ្ងៃទី០៥-មិថុនា-២០២១ ពេលព្រឹកបានមកហូបលតឆា នៅខាងក្រោយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត រយៈពេល១០នាទី រួចបានចេញទៅតារាងបាល់ទះឈ្មោះ ឆាន់ នី នៅភូមិគោកដូង សង្កាត់ទឹកវិល លេងបាល់រយៈពេល០២ម៉ោង ជាមួយដៃគូលេងបាល់ចំនួន០៧នាក់ផ្សេងទៀតបន្ទាប់មកក៏បានត្រឡប់ទៅផ្ទះវិញ។
    – ថ្ងៃទី០៧-មិថុនា-២០២១ ពេលល្ងាចបានរៀបចំសូត្រមន្តឲ្យឪពុកនៅផ្ទះ ដោយមានអ្នកចូលរួមប្រហែលជាង១០នាក់ ប៉ុន្តែឈ្មោះ ឃាន សុឃួច និងឈ្មោះ អឿម សុផាន់ណា មិនបានចូលរួមទេ ដោយសារមានអាការៈមិនស្រួលខ្លួន ៕

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall

    Share This Post: