ក្រុមហ៊ុនក្នុងស្រុកធំៗ ២ សហការគ្នាបង្កើតបរិបទថ្មីនៃវិស័យលក់ទំនិញបែបឌីជីថល
PR June 10, 2021 Liny Chan

ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យលក់ទំនិញបែបឌីជីថល និងគាំពារសុខុមាលភាពអតិថិជនក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ ស្របតាមយុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវនេះ ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ រួមជាមួយផ្សារទំនើបរតនាផ្លាហ្សា និងក្រុមហ៊ុន WOWNOW បានសម្រេចចុះអនុស្សរណ:នៃការយោគយល់គ្នា(MOU) ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច(E-commerce) ដែលផ្តល់ជូនប្រជាជនកម្ពុជានូវបទពិសោធន៍ថ្មីនៃការទិញទំនិញដែលមានគុណភាព សុវត្ថិភាព និងប្រកបដោយទំនុកចិត្ត។

ពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា បានរៀបចំឡើងនាពេលថ្មីៗនេះនៅសាលប្រជុំនៃផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ក្រោមវត្តមានរបស់ថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរ។ តាមរយ:កិច្ចសហប្រតិបត្តិការនេះ អតិថិជននឹងអាចស្វែងរកទំនិញរាប់ម៉ឺនមុខ ពីហាងជិត៣០០ នៅក្នុងផ្សារទំនើប សូរិយា សេនធ័រ ភ័នធ៍ និងផ្សារទំនើបរតនាផ្លាហ្សា តាមរយ:អេប WOWNOW ដែលវាជាការបង្កើតនូវមធ្យោបាយទិញទំនិញថ្មីដែលកាន់តែមានភាពងាយស្រួល និងរហ័សទាន់ចិត្ត ជាមួយនឹងការដឹកជញ្ជូនទាំងនៅរាជធានី និងទៅតាមបណ្តាខេត្តនានាផងដែរ។

ក្នុងកិច្ចសំណេះសំណាលនាពិធីចុះហត្ថលេខានេះ លោកស្រី ជា សុខហៀក នាយកប្រតិបត្តិនៃផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ និងផ្សារទំនើបរតនាផ្លាហ្សា បានបង្ហាញនូវទស្សន:វិស័យ និងយុទ្ធសាស្រ្តសំរាប់ជំរុញវិស័យលក់រាយ តាមរយ:ការបង្កើតនូវទម្រង់អាជីវកម្មថ្មីមួយ ដែលជាការច្របាច់បញ្ចូលគ្នានូវការលក់ទំនិញតាមហាងក្នុងផ្សារទំនើប និងការលក់តាមប្រព័ន្ធអនឡាញ (O2O) ដោយផ្តល់ជូនអតិថិជននូវបទពិសោធន៍ថ្មីក្នុងការទិញទំនិញ ពោលគឺ អតិថិជនអាចអញ្ជើញទស្សនាផលិត ផលនៅក្នុងហាង ហើយបញ្ជាទិញតាមអនឡាញ ដើម្បីទទួលបាននូវផលិតផលប្រកបដោយគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ ដោយមិនចាំបាច់មានការព្រួយបារម្មណ៍អំពីទំនិញខុសទំហំ ខុសតម្លៃ ឬ ខ្វះគុណភាពទៀតនោះទេ ព្រោះថាផលិតផលទាំងអស់សុទ្ធតែមានប្រភពច្បាស់លាស់។ បន្ថែមលើនេះ អតិថិជនក៏អាចប្រើប្រាស់ប្រព័ន្ធទូទាត់ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព កាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ផ្ទាល់ដៃដែលជាប្រភពនៃការចម្លងមេរោគផងដែរ។ ក្រៅពីភាពងាយស្រួល និងអត្ថប្រយោជន៍ដ៏សម្បូរបែបនេះ និមិត្តសញ្ញា(ICON) របស់ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ និងផ្សារទំនើបរតនាផ្លាហ្សា នឹងត្រូវបានរៀបចំនៅលើទំព័រមុខនៃអេប WOWNOW ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការស្វែងរក។

លោក Zheng Shun Wen នាយកប្រតិបត្តិនៃក្រុមហ៊ុន WOWNOW បានសម្តែងនូវសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ។ លោកលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ ពិតជាបានចូលរួមចំណែកកាត់បន្ថយការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ស្របពេលដែលកម្ពុជា និងបណ្តាប្រទេសនៅលើពិភពលោកក៏កំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ដូចគ្នាដែរ។ ជាពិសេស វាក៏បានជំរុញវិស័យឌីជីថលនៅកម្ពុជាឲ្យកាន់តែលេចធ្លោដូចបណ្តាប្រទេសអភិវឌ្ឍន៍នានា និងជាការជួយដល់ប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែមានចំណេះដឹងច្បាស់លាស់ក្នុងការទិញទំនិញតាមអនឡាញ ដែលកំពុងតែមានភាពពេញនិយមនៅលើសកលលោក។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន WOWNOW ជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស ក្នុងកំឡុងពេលនៃការបិទខ្ទប់ ក្រុមហ៊ុនបានលក់បញ្ចុះតម្លៃនូវទំនិញចាំបាច់ៗជាច្រើន និងមានសកម្មភាពជួយជនក្រីក្រខ្វះអាហារបរិភោគជាដើម។
អ្វីដែលពិសេសសំរាប់អតិថិជនរបស់ផ្សារទំនើបសូរិយា និងផ្សារទំនើបរតនាផ្លាហ្សា គឺកម្មវិធីប្រម៉ូសិនពិសេសៗជាច្រើននឹងមានជាបន្តបន្ទាប់ ចំពោះអតិថិជនដែលបញ្ជាទិញតាមអេប WOWNOW ព្រមទាំងការដឹកជញ្ជូនដោយឥតគិតថ្លៃ៕