ស៊យធំលួចម៉ូតូប៉ះចំម៉ូតូភ្ជាប់ប្រព័ន្ធ GPS ត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញ ក្របួចបាន៤នាក់
ព័ត៌មានជាតិ June 11, 2021 srey nuch

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ នៅចំណុចមុខផ្ទះលេខ៥C ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ឈុន មករា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ C១៥ ផ្លូវ បេតុង ភូមិត្រពាំងចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ លក់សាច់ជ្រូក។

ជនសង្ស័យឃាត់ខ្លួនបានរួមមាន៖
ទី១.ជនសង្ស័យឈ្មោះ ហៃ ហេង ហៅ ត្រីងៀត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន)។

ទី២.ជនសង្ស័យឈ្មោះ កើត ប៊ុន ហៅ ចេកអាំង, ខ្មៅ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន)។

ទី៣.ជនសង្ស័យឈ្មោះ ឈុំ បូង៉ា ហៅ ម៉ាប់ , ដា ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន)។

និងទី៤.ជនសង្ស័យឈ្មោះ តាំង ចាន់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន)។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០៤៖៤០នាទី ទៀបភ្លឺ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿង មកចតទុកនៅមុខផ្ទះរបស់បងប្រុសឈ្មោះ ឈុន សេងហាក់ ចំណុចផ្ទះលេខ៥C ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) រួចបានយករ៉ឺម៉កម៉ូតូដឹកសាច់ជ្រូកឲ្យភ្ញៀវនៅសង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដោយពុំបានដកកូនសោរចេញពីម៉ូតូ។ ក្រោយត្រឡប់មកវិញស្រាប់តែបាត់ម៉ូតូមិនឃើញ ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី២ ឲ្យជួយស្រាវជ្រាវរក។

ដោយម៉ូតូរបស់ជនរងគ្រោះមានភ្ជាប់ប្រព័ន្ធ GPS សមត្ថកិច្ចបានស្រាវជ្រាវរកម៉ូតូរបស់ជនរងគ្រោះ នៅកន្លែងផ្ញើម៉ូតូក្នុងភោជនីយដ្ឋាន ឡាក់គីស្តារ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ក៏បានដាក់កម្លាំងចាំឃ្លាំមើលរហូតដល់វេលាម៉ោង០៩៖៣០នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២១ ស្រាប់តែឃើញជនសង្ស័យចំនួន០២នាក់ឈ្មោះ តាំង ចាន់ និងឈ្មោះ ឈុំ បូង៉ា ហៅ ម៉ាប់ ហៅ ដា មកយកម៉ូតូរបស់ជនរងគ្រោះចេញពីកន្លែងផ្ញើ ក៏ឃាត់ខ្លួនយកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២។ បន្ទាប់ពីសាកសួរជនសង្ស័យឈ្មោះ ឈុំ បូង៉ា ហៅ ម៉ាប់ ហៅ ដា បានឆ្លើយសារភាពថាចំពោះម៉ូតូរបស់ជនរងគ្រោះ គឺបក្សពួកខ្លួន០២នាក់ទៀតឈ្មោះ ហៃ ហេង ហៅ ត្រីងៀត និងឈ្មោះ កើត ប៊ុន ហៅ ចេកអាំង, ខ្មៅ ជាអ្នកឲ្យមកយក។

ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានស្រាវជ្រាវបន្តរហូតដល់វេលាម៉ោង១៥:០០នាទី ថ្ងៃដដែល ទើបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀត ឈ្មោះ ហៃ ហេង ហៅ ត្រីងៀត និងឈ្មោះ កើត ប៊ុន ហៅ ចេកអាំង, ខ្មៅ នៅចំណុចផ្លូវលំភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ យកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍។ វត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ សេរី២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 1DO 9199 ជារបស់ជនរងគ្រោះ។

បច្ចប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ បងម៉េង ខ្មែរណូត