រថយន្ត

រថយន្ត Lexus NX ស៊េរីឆ្នាំ២០២២ បង្ហាញខ្លួនជាមួយស្តុបមុខក្រោយថ្មី និងផ្នែកខាងក្នុងកាន់តែទំនើប (មានវីដេអូ)

BY
autoadmin
June 11, 2021

រថយន្ត Lexus NX ជំនាន់ថ្មីទី២ ស៊េរីឆ្នាំ២០២២ នឹងត្រូវបង្ហាញខ្លួននៅថ្ងៃទី១១ ឬទី១២ ខែមិថុនានេះ ទៅតាមម៉ោងក្នុងតំបន់នីមួយៗ មុនពេលដែលវានឹងត្រូវដាក់លក់ជាផ្លូវការនៅតំបន់អាស៊ី អាមេរិកខាងត្បូង នឹងអឺរ៉ុបនៅចុងឆ្នាំនេះ។ អ្វីដែលយើងអាចដឹងបានត្រួសៗគឺថា ផ្នែកខាងក្រោយរបស់វាមានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ ជាមួយនឹងភ្លើងក្រោយប្រភេទ full-width LED light bar និងមានសរសេរពាក្យថា «Lexus» នៅលើឃ្លុបខាងក្រោយតែម្ដង ខណៈស៊េរីមុនមានឡូហ្គោជាអក្សរ «L» ។

រូបភាព និងវីដេអូមួយចំនួនក៏ត្រូវបានបង្ហោះលើអ៊ីនធឺណេត ហើយយើងអាចមើលដឹងថា ក្រៅពីផ្នែកខាងក្រោយរបស់រថយន្តមានការផ្លាស់ប្ដូរ ផ្នែកខាងក្នុងរបស់វាកាន់តែស្រស់ស្អាតជាងមុនទៅទៀត ប៉ុន្តែគួរឱ្យសោកស្ដាយ យើងមិនទាន់មានព័ត៌មានលម្អិតសម្រាប់ផ្នែកខាងក្នុងនោះទេ គឺយើងអាចមើលបានត្រឹមតែជារូបភាព ឬវីដេអូប៉ុណ្ណោះ។

ប្រភពនិយាយថា ត្រកូល NX នឹងមានមកជាមួយប្រភេទ NX250 ដែលអាចដំណើរការបានដោយម៉ាស៊ីនស៊ីឡាំង ៤ ទំហំ ២.៤ លីត្រ ហើយ NX350 ដែលអាចដំណើរការបានដោយម៉ាស៊ីន V-6 ទំហំ ៣.៥ លីត្រ។ ចំណែកកំណែកូនកាត់ NX350h នឹងត្រូវប្រើ platform របស់រថយន្ត RAV4 Prime ជាមួយនឹងម៉ាស៊ីន powertrain កម្លាំង 302-hp ។ ព័ត៌មានលម្អិតបន្ថែមនឹងត្រូវចុះផ្សាយបន្ទាប់ពីការបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃស្អែក សម្រាប់ម៉ោងនៅកម្ពុជា៕

អត្ថបទ៖ លីដា
ប្រភព៖ Motor1 , Car and Driver

Share This Post: