ព័ត៌មានជាតិ

ចោរឆក់ចូលដើម! ក្រុមចោរឆក់បានកាបូបលុយជាង ៣០០ដុល្លារ តែភ័យពេកនាំគ្នារត់ចោលម៉ូតូតម្លៃរាប់ពាន់ដុល្លារ

BY
Khmernote Media
June 11, 2021

រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានចោរឆក់កាបូបលុយអស់ជាង ៣០០ដុល្លារ ប៉ុន្តែក្រុមជនសង្ស័យនោះភ័យពេកនាំគ្នារត់ចោលម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍ឆក់កាបូបនេះកើតឡើងនៅវេលាម៉ោង១០ និង១០នាទីព្រឹក​ ស្ថិតនៅតាមបណ្តោយផ្លូវ​សេះស​ ស្ថិត​ក្នុង​សង្កាត់​អូរបែកក្អម​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​។

តាមការរៀបរាប់របស់ស្ត្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក Scoopy ពណ៌ក្រហម ចេញពីផ្ទះបម្រុងទៅទិញម្ហូប ខណៈជិះមកដល់ចំណុចកើតហេតុហើយផ្លូវស្ងាត់ផងនោះ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាប្រហែល៤នាក់បានជិះម៉ូតូមកធ្វើសកម្មភាពឆក់កាបូបពីគាត់ ដែលមានលុយជាង ៣០០ដុល្លារ ហើយភ្លាមៗនោះរូបគាត់ក៏បានស្រែកឆោឡោធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយធ្វើឲ្យក្រុមជនសង្ស័យភ័យរត់ចោលម៉ូតូមួយគ្រឿងម៉ាកហុងដា BEAT ពណ៌សលាយខៀវពាក់ស្លាកលេខ ភ្នំពេញ1BC-8917 នៅកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរបែកក្អម និងធ្វើកំណត់ហេតុដើម្បីស្រាវជ្រាវស្វែងរកឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ​ ៕

Share This Post: