ចិនប្រុសស្រីជាង១០០នាក់ ឃាត់ខ្លួនបណ្ដោះអាសន្នពេលបង្ក្រាបទីតាំងខារ៉ាអូខេ ជិនជន បែរជាជ្រួលច្របល់លែងស្ដាប់សមត្ថកិច្ច នាំគ្នាគាស់ទ្វារសំរុកចេញបាត់អស់ (មានវីដេអូ)
រាជធានីភ្នំពេញ៖ ទីតាំងខារ៉ាអូខេចិនមួយកន្លែងយីហោ “ជិនជន” ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានលួចបើកដំណើរការខារ៉ាអូខេ មានមនុស្សជាច្រើនចូលច្រៀងកម្សាន្ដផឹកស៊ី មិនស្ដាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩នោះ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបនិងឃាត់មនុស្សប្រុសស្រី (មានទាំងភ្ញៀវជាជនជាតិចិននិងបុគ្គលិក) ជាង១០០នាក់ ដែលធ្វើឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ។

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ដោយសារតែព្រួយបារម្មណ៍អំពីការឆ្លងជម្ងឺកូវីដ១៩ ទើបសមត្ថកិច្ចធ្វើការបិទខ្ទប់ទីតាំងអាគារខារ៉ាអូខេខាងលើនេះ ដោយឲ្យភ្ញៀវជាជនជាតិចិនប្រុសស្រី រួមទាំងបុគ្គលិកទាំងអស់ ត្រូវស្នាក់នៅក្នុងអាគារនេះជាបណ្ដោះអាសន្នសិន ដើម្បីរងចាំអាជ្ញាធរនិងសហការជាមួយក្រុមគ្រូពេទ្យចុះយកសំណាកតនៅពេលព្រឹកនេះ។ ដោយបានចាក់សោរ និងមានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ នៅយាមកាមទាំងមុខទាំងក្រោយផងដែរ ។
ប្រភពពីសមត្ថកិច្ចដែលយាមទីតាំងអាគារខារ៉ាអូខេខាងលើនោះបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា លុះម៉ោង៣ទាបភ្លឺឈានចូលថ្ងៃទី១៥ខែមិថុនានេះ ស្រាប់តែក្រុមបុរសស្ត្រីជនជាតិចិនទាំងអស់នោះ ជ្រួលច្របល់ លែងស្ដាប់សមត្ថកិច្ច លែងខ្លាចដំបងឆក់ ស្រែកឡូឡាពេញក្នុងអាគារខារ៉ាអូខេនោះ ដោយសមត្ថកិច្ចក៏បានឃាត់ដែរ តែក្រុមបុរសជនជាតិចិនទាំងនោះ មិនស្ដាប់សមត្ថកិច្ចបន្តិចសោះឡើយ បែរជានាំគ្នាអង្រួនទ្វារខាងមុខផង ខ្លះឡើងរបងផង និងខ្លះទៀតនាំគ្នាគាស់ក្រយ៉ូវទ្វារផ្នែកខាងក្រោយ នៃអាគារខារ៉ាអូខេនោះទៀត ព្រោះឃើញសមត្ថកិច្ចមានគ្នាតែ៤នាក់ នៅខាងមុខ២នាក់ ខាងក្រោយ២នាក់ និងមានតែដំបងឆក់ម្នាក់មួយប៉ុណ្ណោះ ទើបក្រុមជនជាតិចិនទាំងនោះ នៅតែបន្តគាស់ទ្វារទៀត ។ ភ្លាមៗនោះសមត្ថកិច្ចដែលយាមនៅទីតាំងខារ៉ាអូខេនោះ ក៏បានបោះដៃតាមវិទ្យុទាក់ទង(ID) ហៅកម្លាំងបន្ថែមចុះមកជួយអន្តរាគមន៍ដើម្បីឃាត់ក្រុមចិនទាំងនោះផង ។
បច្ចុប្បន្នក្រោយពេលកើតហេតុ កម្លាំងជំនួយចេញមកមិនទាន់ ទើបក្រុមជនជាតិចិនខាងលើបន្តគាស់រហូតទាល់តែបាក់ក្រយ៉ូវទ្វារ ហើយបើកទ្វាររត់គេចចេញពីទីតាំងខារ៉ាអូខេនោះ បាត់ស្រមោលអស់ ខណៈដែលកម្លាំងនគរបាលដែលប្រចាំការនៅទីនោះ មានតែ៤នាក់ប៉ុណ្ណោះ មិនអាចចាប់ឃាត់ក្រុមមនុស្សជាង១០០នាក់នោះបានទេ ៕

ដោយ៖ បងម៉េង ខ្មែរណូត