សម្រេចបិទខ្ទប់ទីតាំងផ្សារណាត់ទាំងយប់ ក្រោយរកឃើញមានអាជីវករម្នាក់ជាជាងកាត់ដេរវិជ្ជមានកូវីដ១៩
យោងតាមការបញ្ជាក់ពីលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានឲ្យដឹងថា រដ្ឋបាលក្រុងបាត់ដំបងបានសម្រេចបិទខ្ទប់ទីតាំងផ្សារណាត់ជាបណ្តោះអាសន្ន។ រដ្ឋបាលក្រុងបាត់ដំបង ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងដែលថា នាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលក្រុងបាត់ដំបង បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ មួយនាក់ឈ្មោះម៉ូត សារីយ៉ា ដែលគាត់ប្រកបមុខរបរកាត់ដេរនៅក្នុងផ្សារណាត់ដែលតូបរបស់គាត់ស្ថិតនៅប៉ែកខាងត្បូងនៅផ្សារ និងមានទីលំនៅបច្ចុប្បន្នស្ថិតនៅក្រុមទី៩ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជាមួយគ្នានេះរដ្ឋបាលក្រុងបាត់ដំបងសូមធ្វើការអំពាវនាវដល់បងប្អូនអាជីវករដែលលក់ដូរក៏ដូចជាប្រកបអាជីវកម្មនៅចាប់ពីផ្លូវកណ្ដាលផ្សារទៅខាងត្បូងទាំងអស់និងអ្នកពាក់ព័ន្ធមួយអ្នកជំងឺកូវីដខាងលើសូមទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ហើយនឹងធ្វើការផ្អាកលក់ដូរនៅប៉ែកខាងត្បូងជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃ៕

