រកឃើញមូលហេតុធំៗ ៤ចំណុច នាំឲ្យមានការផ្ទុះឆ្លងរាលដាលជំងឺកូវីដ១៩ តាមបណ្តារោងចក្រ
ចាប់តាំងពីមានករណី “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” មក យើងសង្កេតឃើញមានការឆ្លងរីករាលដាលយ៉ាងច្រើននៅតាមបណ្តារោងចក្រ និងសហគ្រាសនៅក្នុងរាជធានីភ្នំពេញ ដែលតម្រូវឲ្យរោងចក្រ-សហគ្រាសទាំងនោះត្រូវផ្អាកដំណើរការមួយរយៈ។

យោងតាមការបញ្ជាក់ពី រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” មកផ្អែកតាមបទពិសោធន៍នៃការឆ្លងរាលដាលជំងឺកូវីដ១៩ នៅតាមរោងចក្រ-សហគ្រាសមួយចំនួននៅរាជធានីភ្នំពេញ ដែលមានការឆ្លងបន្តរាយប៉ាយទៅទីកន្លែងស្នាក់នៅរួមរបស់បុគ្គលិក និងកម្មករ-និយោជិត និងរោងចក្រ-សហគ្រាសផ្សេងទៀត គឺបណ្តាលមកពីមូលហេតុចម្បងៗរួមមាន៖
១. ការស្នាក់នៅរបស់បុគ្គលិក និងកម្មករ-និយោជិតច្រើនរោងចក្រ-សហគ្រាស ប្រមូលផ្តុំក្នុងផ្ទះជួល ឬអគារជួលរួមគ្នា
២. ការធ្វើដំណើរដោយមធ្យោបាយរួមគ្នារបស់បុគ្គលិក និងកម្មករ-និយោជិតដែលមិនមែនបម្រើការងារក្នុងរោងចក្រ-សហគ្រាសតែមួយ
៣. ការទិញម្ហូបអាហារពីកន្លែងលក់ដូរមិនរៀបរយ
៤. ការមិនអនុវត្ត ឬ អនុវត្តមិនបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងកត្តារួមផ្សំជាច្រើនទៀត។
