អាជីវករផ្សារលើធំថ្មី នៅក្រុងសៀមរាប ត្រូវបានសមត្ថកិច្ចរៀបចំ ដាក់វេនឆ្លាស់គ្នាលក់ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ !
សៀមរាប៖ យោងតាមការចុះផ្សាយពីក្រសួងព័ត៌មានបានឲ្យដឹងថា ផ្អែកតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ចុះថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២១កន្លងមក អាជ្ញាធរ និងគណ:កម្មការផ្សារលើធំថ្មី បានចុះអនុវត្តរៀបចំឱ្យអាជីវករលក់ដូរនៅផ្សារលើធំថ្មី ស្ថិតនៅសង្កាត់ស្លាក្រាម ក្រុងសៀមរាប ត្រូវដាក់វេនឆ្លាស់គ្នាលក់ដូរ ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។ ការលក់ផ្លាស់វេនគ្នានេះ ធ្វើឡើង ក្រោយពេលដែល អាជីវករលក់ជ្រក់ស្ពៃនៅខាងក្រោយផ្សារនោះ បានឆ្លងជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១ ខែមិថុនាកន្លងមក។

ក្រុមអាជីវករបានលើកឡើងដូចគ្នា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះថា ការដាក់វេនគ្នាលក់នេះ ចែកចេញជាពីរផ្នែក គឺអ្នកលក់នៅក្នុងផ្សារ និងអ្នកលក់នៅជុំវិញផ្សារ។ ផ្នែកទី១ សម្រាប់អាជីវករលក់នៅក្នុងផ្សារ ដែលមានលក់សំលៀកបំពាក់ លក់គ្រឿងអល្លង្ការ ត្រូវបានដាក់ឆ្លាស់វេនគ្នាលក់ម្នាក់មួយថ្ងៃ ដែលមានថ្ងៃសេស និងថ្ងៃគូ ហើយត្រូវអនុវត្ដនៅថ្ងៃទី១៦ខែមិថុនានេះ ។ដោយឡែកអ្នកលក់ខាងក្រោម ឬនៅលក់ជុំវិញផ្សារលើ មានលក់បន្ថែ ត្រីសាច់ជាដើម ត្រូវចែកវេនគ្នាមួយសប្ដាហ៍លក់ម្ដងៗ ដែលចាប់អនុវត្ដកាលពីថ្ងៃទី១៣ ខែមិថុនាកន្លងមក ។ ក្រុមអាជីវករបានបន្ដថា នីតិវិធីនៃការលក់នោះ គឺលក់ដូរពីតូបមួយ ទៅតូបមួយត្រូវទុកចន្លោះ បានន័យថា កន្លែងលក់មួយនៅទំនេរ និងទីតាំងមួយទៀតមានអ្នកលក់។
យោងតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ដសៀមរាប ចេញផ្សាយកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ក៏បានបង្ហាញថា រដ្ឋបាលខេត្តសៀមរាប ណែនាំដល់អាជីវករលក់ដូរនៅក្នុង និងជុំវិញ ផ្សារលើធំថ្មី គណ:កម្មការគ្រប់គ្រងផ្សារលើធំថ្មី អ្នកវិនិយោគ និងធ្វើអាជីវកម្មភាស៊ីផ្សារលើធំថ្មី ត្រូវធ្វើការរៀបចំសណ្តាប់ធ្នាប់លក់ដូរ អោយមានរបៀបរៀបរយ និងការអនុវត្តវិធានការ សុខាភិបាល នៅក្នុងផ្សារឱ្យល្អប្រសើរ។ ជៀសវាងការប្រមូលផ្តុំមនុស្សច្រើននៅក្នុង និងជុំវិញផ្សារ ដែលអាច ប្រឈមនឹងការឆ្លងជំងឺកូវីដ៍-១៩។ ត្រូវរៀបចំឱ្យមានការលក់ដូរប្តូរវេនគ្នាជាបណ្ដោះអាសន្ន។ ត្រូវរៀបចំឱ្យមានការវាស់កម្ដៅអាល់កុល ឬដែលលាងដៃ នៅ ច្រកចេញ-ចូលផ្សារ និងតាមមុខតូបលក់ដូររបស់ខ្លួន ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពបុគ្គល និងសង្គម ព្រមទាំងចូលរួមអនុវត្តវិធានការរបស់រាដ៏រដ្ឋាភិបាល “៣ការពារ និង “៣កុំ” និង វិធានការសុខាភិបាលផងដែរ។ លិខិតបន្ដថា ការណែនាំអោយអនុវត្ដបែបនេះ ក្នុងគោលបំណង ទប់ស្កាត់ការរីករាល់ដាលនៃជំងឺកូវីដ១៩ ខណៈដែលបច្ចុប្បន្នជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាលនៅភូមិសាស្ត្រខេត្តសៀមរាប ដែលបានរកឃើញអ្នកវិជ្ជមានកូវីង-១៩ ជាបន្តបន្ទាប់ទាំងនៅតាមបណ្តាក្រុង និងស្រុក ក្នុងខេត្តសៀមរាប។
សូមជម្រាបថា ព្រឹត្ដិការណ៍សហគមន៍២០កុម្ភ: ខេត្ដសៀមរាប មកដល់ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២១នេះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន506នាក់ បានព្យាបាលជាសះស្បើយចំនួន118នាក់ ស្លាប់៣នាក់ និង385នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

ប្រភព៖ ក្រសួងព័ត៌មាន