មន្រ្តីជំនាញធ្វើការបំផ្លាញផលិតផលស្រាចិនសែ “តាំងគួយ” ចំនួន ២,៣១៣យួរ ដែលលក់ចែកចាយក្នុងក្រុងប៉ោយប៉ែត ក្រោយរកឃើញថា មានអ្នកពុលស្រាជាច្រើននាក់
បន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបន្ទាយមានជ័យ (ក.ប.ប.) បានរៀបចំពិធី បំផ្លាញចោល ផលិតផលស្រាចិនសែ “តាំងគួយ” ចំនួន ២,៣១៣យួរ ស្មើ ២៧,៧៥៦ដប ដែលបានធ្វើការដកហូតនៅតាមទីតាំងលក់ចែកចាយ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ និងស្រុកម៉ាឡៃ ក្នុងកំឡុង ខែមិថុនា ឆ្នាំ២០២០ ក្រោយពីមានករណីពុលស្រាយីហោ “តាំងគួយ” ខាងលើស្លាប់៧នាក់ កាលពីកំឡុងខែមិថុនា ឆ្នាំ២០២០កន្លងទៅ។

ពិធីបំផ្លាញចោលផលិតផលស្រាចិនសែយីហោ “តាំងគួយ” ធ្វើឡើងក្រោមអធិបតីភាពលោកស្រី រស់ សុផានី អភិបាលរងខេត្ត តំណាំងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានការចូលរួមពីលោក គង់ សំសារ៉េត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ លិក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបន្ទាយមានជ័យ (ក.ប.ប.) នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ៕







