កងរាជអាវុធហត្ថខេត្តកោះកុង ឃាត់ខ្លួនជនជាតិចិន២នាក់ ក្រោយធ្វើសកម្មភាពចែកចាយវ៉ាក់សាំងស៊ីណូវ៉ាក់ នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា
ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថខេត្ត កោះកុង បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៦៖០០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌខេត្ត សហការជាមួយស្នាក់ការសន្តិសុខចាំយាម ដឹកនាំដោយ លោក វ.ទោ នួន វុត្ថា មេបញ្ជាការរង អ.ហ.ក.ក សម្របសម្រួលដោយលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបជាក់ស្តែងករណីចែកចាយថ្នាំវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ០១លើក នៅចំណុចក្រុមហ៊ុន L.y p group ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងបានឃាត់ខ្លួនជនសង្ស័យបុរសជនជាតិចិន ២នាក់ដូចខាងក្រោម៖

១.ឈ្មោះ Li Changqing ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ ឃុំ កើតហេតុ។
២.ឈ្មោះ Huang Zhongwer ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ ឃុំ កើតហេតុ។
សមត្ថកិច្ចចាប់បានវត្ថុតាងរួមមាន៖ រថយន្ត ០១គ្រឿង ម៉ាកព្រូសពាក់ស្លាកលេខ 2AW 4072 ពណ៌ប្រផេះ ថ្នាំវ៉ាក់សាំង Sinovac ចំនួន ៦៥ដប, ធុងស្នោរក្លាសេថ្នាំចំនួន០១, ម្ជុល, សារ៊ាំងចំនួន ៤៥ដើម សំឡីអាល់កុលជូតដៃចំនួន ១១កញ្ចប់, ស្រោមដៃចំនួន ០៣គូរ និង ទឹកអាល់កុលចំនួន ០៣ដប។ បច្ចុប្បន្នកម្លាំងជំនាញកំពុងអនុវត្តតាមនីតិវិធី ៕


ប្រភព៖ កងរាជអាវុធហត្ថខេត្ត កោះកុង