ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបរបស់លោក តាំង គីមឡេង ត្រូវចោរលួចកាច់កញ្ចក់ចំហៀងយកទៅបាត់, នេះជាលើកទី៦ហើយ ដែលត្រូវចោរលួចកាច់បែបនេះ

BY
Khmernote Media
June 20, 2021

រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននេះគេសង្កេតឃើញជារឿយៗ ចំពោះករណីចោរលួចកាច់កញ្ចក់រថយន្ត ដែលបានកើតឡើងលើប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋហាក់ខឹងសម្បារ ចំពោះករណីលួចកាច់កញ្ចក់រថយន្តស៊េរីទំនើបៗនេះ ជាក់ស្តែងមានករណីលួចកាច់កញ្ចក់រថយន្តមួយករណីទៀត គឺរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Ford Raptor F150 ពណ៍ខ្មៅ ជារបស់លោក តាំង គីមឡេង ត្រូវបានចោរលួចកាច់កញ្ចក់ចំហៀងខាងឆ្វេងបានសម្រេច នៅមុខហាងលក់ទូរស័ព្ទដៃរបស់ខ្លួន ។

ករណីចោរលួចកាច់កញ្ចក់រថយន្តនេះ បានកើតឡើងកាលពីវេលាម៉ោង១៩:៥៩នាទីយប់ ថ្ងៃសៅរិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចហាងលក់ទូរស័ព្ទយីហោ តាំង គីមឡេង (សាខាទី១) ស្ថិតនៅផ្ទះលេខ៤៨,៥០ ផ្លូវលេខ២១៥ ស្ថិតក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ម្ចាស់រថយន្តមានឈ្មោះ តាំង គីមឡេង អាយុ២៦ឆ្នាំ មានទីលំនៅផ្ទះលេខ៩A សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Ford Raptor F150 ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា TH.RY569 បានមកឈប់នៅមុខហាងលក់ទូរស័ព្ទដៃទំនេីបសាខាទី១របស់ខ្លួន ស្ថិតនៅចំណុចកើតហេតុខាងលើ ដើម្បីពិនិត្យមើលការងារដែលបានលក់ចេញតាំងពីព្រឹក ដើម្បីបូកសរុបតម្លៃ លុះពេលពិនិត្យមើលរួច រូបលោកក៏បានដើរចេញមកវិញ ស្រាប់តែឃើញរថយន្តរបស់លោកបាត់កញ្ចក់ខាងឆ្វេងបាត់ទៅហើយ ទើបលោកឆែកកាមេរ៉ាសុវត្ថិភាពមើល ឃើញជនសង្ស័យម្នាក់ ភិនភាគពាក់អាវដៃវែងពណ៌ខ្មៅ មួកខ្មៅ ខោខ្មៅ បានដើរមកពីទិសខាងត្បូង រួចចូលមកធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្ត យកទៅបានសម្រេច ហាក់បីដូចជាមិនមានការភ័យខ្លាចសមត្ថកិច្ចបន្តិចសោះឡើយ ។

បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលវាលវង់ បានចុះមកកន្លែងកើតហេតុ ហើយម្ចាស់រថយន្តរងគ្រោះក៏បានបង្ហាញវិដេអូដែលថតបានតាមរយៈកាមេរ៉ាសុវត្ថិភាពអោយសមត្ថកិច្ចបានដឹង និងទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ តាមក្រោយ ដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវរកមុខជនសង្ស័យនោះ ដើម្បីយកមកផ្ដន្ទាទោសផងដែរ ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: