អាយុទើប ១៧-១៨ឆ្នាំនៅជាសិស្សសោះ បែរនាំគ្នាបែកគំនិតធ្វើចោរឆក់
រាជធានីភ្នំពេញ ៖ មានករណីជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចឃាត់បានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច តែរត់មិនរួច ស្ថិតនៅភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៧:៤០នាទីយប់ ថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០២១នេះ ។ ជនសង្ស័យចំនួន០២នាក់៖ ទី១.ឈ្មោះ ញឹម សែនសុខសាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិជម្ពូវន្ត សង្កាត់ចោមចៅ៣ ពោធិ៍សែនជ័យ ភ្នំពេញ ។ ទី២.ឈ្មោះ លី សេងហុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ពោធិ៍សែនជ័យ ភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅមុនពេលកើតហេតុថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៩និង៤០នាទី ជនរងគ្រោះបានជិះម៉ូតូចេញពីកក់សក់មកបន្ទប់ជួលវិញ ដោយឲ្យបងប្រុសជាអ្នកឌុបខ្លួនជិះនៅខាងក្រោយ លុះមកដល់ចំណុចកើតហេតុ ផ្លូវចូលភូមិក្បាដំរី១ សង្កាត់កាកាបទី១ ខ្លួនបានដកទូរស័ព្ទនិយាយ ក៏ត្រូវជនសង្ស័យជិះមកពីក្រោយ ធ្វើសកម្មភាពឆក់យកទូរស័ព្ទបើកគេចខ្លួន ពេលនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍កាកាប១ កំពុងល្បាតក៏ធ្វើការឃាត់ បានជនសង្ស័យខាងលើ រួមទាំងវត្ថុតាងរបស់ជនរងគ្រោះ នាំមកកាន់ទីស្នាក់ការប៉ុស្តិ៍តែម្តង ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ កំពុងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ អធិការ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់៕

