រទេះគោខ្មែរនៅខេត្តសៀមរាប កំពុងទាក់ទាញភ្ញៀវទេសចរណ៍បរទេសជិះទស្សនាកំសាន្ត
លោក គ្រួច លី ស្ថាបនិកភូមិកសិទេសចរណ៍ធម្មជាតិ នៅសង្កាត់ជ្រាវ ក្រុងសៀមរាប និងជាអ្នករៀបចំពលរដ្ឋយកចិត្តទុកដាក់លើវិស័យដឹកជញ្ជូនតាមរទះគោ បានឲ្យដឹងថា រទេះគោខ្មែរនាបច្ចុប្បន្ននេះ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍បរទេស សម្រាប់ជិះទស្សនាទិដ្ឋភាពទេសចរណ៍បៃតងដែលជាប្រភេទដំណាំដាំដុះដោយមិនប្រើជាតិគីមី ដែលមាននៅក្នុងភូមិ និង នៅតំបន់ព្រៃលិចទឹកមួយចំនួន ជាពិសេស ការកំសាន្តដោយសារជិះរទេះគោនេះ មិនត្រឹមធ្វើឲ្យពួកគាត់មានអារម្មណ៍ភ្លឺថ្លាប៉ុណ្ណោះនោះទេ គឺធ្វើឲ្យពួកគាត់ បានស្គាល់ពីវប្បធម៌ អរិយធម៌ និងប្រពៃណីទំនៀមទម្លាប់ខ្មែរនៅក្នុងតំបន់នេះ ដែលមានតាំងពីបុរាណមកផងដែរ ។
លោក គ្រួច លី បានឲ្យដឹងទៀតថា សេវាកម្មដោយការប្រើរទេះគោនេះ ជាផ្នែកមួយ ដែលមិនត្រឹមតែធ្វើឲ្យពលរដ្ឋកាត់បន្ថយការធ្វើចំណាកស្រុក មានជីវភាពគ្រួសារធូរធារប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងបានជួយដល់ការអភិរក្សនូវរទេះគោខ្មែរ សម្រាប់យុវជនជំនាន់ក្រោយ បានស្គាល់និងយល់ដឹង ពីវប្បធម៌ដូនតារបស់ខ្មែរផងដែរ ដូច្នេះ តាមរយៈនេះ សូមនអំពាវនាដល់ស្ថាប័នពាក់ព័ន្ធ រួមមានក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ ជួយដឹកនាំភ្ញៀវ និង ជួយអភិរក្សរទេះគោខ្មែរនេះ ឲ្យបានគង់វង្ស ៕


