ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាច់មាន់ ស្លាបមាន់ សាច់ជ្រូក គ្រឿងក្នុងជ្រូក និងប្រហិតចម្រុះខូចគុណភាពជិត២តោននាំចូលពីបរទេស ត្រូវសមត្ថកិច្ចចាប់បាន និងដុតកំទេចចោល

    BY Khmernote Media June 21, 2021
    សាច់មាន់ ស្លាបមាន់ សាច់ជ្រូក គ្រឿងក្នុងជ្រូក និងប្រហិតចម្រុះខូចគុណភាពជិត២តោននាំចូលពីបរទេស ត្រូវសមត្ថកិច្ចចាប់បាន និងដុតកំទេចចោល

    ខេត្តបាត់ដំបង៖ យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញរបស់សាខា ក.ប.ប. ខេត្តបាត់ដំបង បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុក និងអាជ្ញាធរស្រុកកំរៀង បានចុះត្រួតពិនិត្យ សាច់មាន់-ស្លាបមាន់ , សាច់ជ្រូក , គ្រឿងក្នុងជ្រូក និងប្រហិតចម្រុះ សរុបចំនួន ១,៩០០ គីឡូក្រាម ដែលឈ្មួញនាំចូលពីបរទេសតាមព្រំដែនស្រុកកំរៀង ខេត្តបាត់ដំបង ហើយត្រូវបានសមត្ថកិច្ចឃាត់ចាប់បានកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២៣.០០នាទីយប់។

    ក្រោយការត្រួតពិនិត្យ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើការសន្និដ្ឋានថា៖ ការដឹកជញ្ជូន ការវេចខ្ចប់ និងសីតុណ្ហភាពទំនិញមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ធ្វើឱ្យទំនិញដែលជាសាច់ស្រស់ ត្រូវបានប្រែប្រួល ខូចគុណភាព មានចម្លងមេរោគ ពុំសមស្របសម្រាប់យកទៅធ្វើជាអាហារមនុស្ស បរិភោគបានឡើយ។

    ដើម្បីការពារសុខភាពជូនប្រជាពលរដ្ឋ និងដោយមានការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចចម្រុះបានធ្វើការដុតកំទេចចោលទំនិញខូចគុណភាពទាំងនោះ នៅរសៀលថ្ងៃ ខែ និងឆ្នាំដដែល៕

    Share This Post: