ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់មិនដឹងមានរឿងអ្វី ជិះម៉ូតូឯងម្នាក់មកលោតទឹកស្ពានច្បារអំពៅ បន្សល់ទុកម៉ូតូ ZOOMER-X, ពេលនេះសមត្ថកិច្ចប្រកាសស្វែងរកសាច់ញាតិ

    BY Khmernote Media June 22, 2021
    បុរសម្នាក់មិនដឹងមានរឿងអ្វី ជិះម៉ូតូឯងម្នាក់មកលោតទឹកស្ពានច្បារអំពៅ បន្សល់ទុកម៉ូតូ ZOOMER-X, ពេលនេះសមត្ថកិច្ចប្រកាសស្វែងរកសាច់ញាតិ

    រាជធានីភ្នំពេញ ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានគេប្រទះឃើញជិះម៉ូតូមកឈប់ពាក់កណ្ដាលស្ពានព្រះមុនីវង្ស រួចលោតទឹកសម្លាប់ខ្លួនលិចចូលក្នុងទន្លេបាត់សូន្យឈឹង ដោយមិនដឹងមូលហេតុ ដោយបន្សល់ទុកម៉ូតូមួយគ្រឿង ម៉ាក Zoomer X នៅលើស្ពាន ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង០៨:៥០នាទីយប់ ថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១នេះ លើស្ពានព្រះមុនីវង្ស(ស្ពានច្បារអំពៅ) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    ម៉ូតូដែលជនរងគ្រោះជិះមកលោតទឹកបន្សល់ទុកលើស្ពាននោះ ម៉ាកហុងដាហ្សូមម័រអ៉ិច (HONDA ZOOMER-X) ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GV-1987 ។

    បើតាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានឲ្យអ្នកយកព័ត៌មានខ្មែរណូតយើងដឹងថា មុនពេលកើតហេតុ គាត់មិនបានចាប់អារម្មណ៍ទេ គ្រាន់តែគាត់បានជិះម៉ូតូទៅធ្វើការ ដោយធ្វើដំណើរឡើងស្ពានព្រះមុនីវង្ស(ស្ពានច្បារអំពៅ) ទិសដៅពីកើតឡើងទៅលិច ខណៈពេលចុះពីស្ពានបានបន្តិច ក៏ឃើញបុរសម្នាក់ឈប់ម៉ូតូ ZOOMER-X អែបខាងស្ដាំដៃ រួចវៃជន្ទល់ម៉ូតូ ដើរឡើងលើបង្កាន់ដៃស្ពានច្បារអំពៅ រួចលោតពីលើស្ពានចូលក្នុងទន្លេបាត់សូន្យឈឹងតែម្ដង ដោយបន្សល់ទុកម៉ូតូនៅលើស្ពាន បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ចំណុចនោះ ចោមរោមមើលពេញលើស្ពាន ភ្លាមៗនោះគេឃើញបងប្អូនខ្មែរឥស្លាម២ទូក ចេញជួយរកមើលដែរ តែមិនអាចជួយសង្គ្រោះអ្វីបានឡើយ ព្រោះជនរងគ្រោះបានលង់លិចចូលទន្លេបាត់ទៅហើយ ។

    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់ បានយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ន នៅស្នាក់ការប៉ុស្តិ៍ ដើម្បីរង់ចាំស្រាវជ្រាវរកសាច់ញាតិផងដែរ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: