កូវីដ-១៩

ថ្ងៃនេះ ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ៥០,៨៤៨ ករណី និងការបាត់បង់ចំនួន ១,៣៥៧ ករណី

BY
autoadmin
June 23, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NDTV នៅថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៥០,៨៤៨ ករណី និងការស្លាប់ចំនួន ១,៣៥៧ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ចំនួននេះគឺវាច្រើនជាងកាលពីម្សិលមិញ ១៩% ខណៈដែលចំនួនឆ្លងសរុបរបស់ប្រទេសនេះ បានកើនដល់ ៣០ លានករណី និងការស្លាប់បានកើនដល់ ៣៩០,០០០ ករណី ចាប់តាំងពីជំងឺនេះមាននៅប្រទេសឥណ្ឌាដំបូង។

យ៉ាងណាក៏ដោយ ករណីសកម្មបានថយចុះចំនួន ១៩,៣២៧ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ មកនៅត្រឹម ៦៤៣,១៩៤ ករណី ។ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានអ្នកជំងឺចំនួន ៦៨,៨១៧ នាក់ ត្រូវបានបញ្ជាក់ថា បានជាសះស្បើយពីការឆ្លង ដែលនាំឱ្យចំនួននៃការជាសះស្បើយកើនដល់ ២៨.៩ លាននាក់។ ប្រទេសនេះបានបង្ហាញពីការថយចុះនៃការឆ្លង ពោលគឺក្នុងរយៈពេល ៤០ ថ្ងៃកន្លងមកនេះ ចំនួនអ្នកជាសះស្បើយប្រចាំថ្ងៃ មានច្រើនជាងអ្នកដែលឆ្លងថ្មី ដែលជាសញ្ញាល្អមួយនៅក្នុងការបើកសេដ្ឋកិច្ចពេញលេញនាពេលឆាប់ៗ៕

អត្ថបទ៖ លីដា
ប្រភព៖ NDTV

Share This Post: