រាជរដ្ឋាភិបាលកម្ពុជា ពិចារណាក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារ និងសម្រាប់ពលរដ្ឋចាក់ដូសទី៣
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងពិចារណាក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារក្រោមអាយុ១៨ឆ្នាំ និងគិតគូរអំពីការចាក់វ៉ាក់សាំងដូសទី៣ ដល់ប្រជាពលរដ្ឋផងដែរ។ បើយោងតាមការបញ្ជាក់របស់ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ។

លោកបញ្ជាក់ថា «តើគួរចាក់ ឫអត់កុមារក្រោមអាយុ១៨ឆ្នាំ អាយុប៉ុណ្ណាអាចចាក់ ឬក៏មិនអាចចាក់»។ និងបានបន្ថែមទៀតថា «មួយទៀត គឺយើងកំពុងសិក្សាដែរ គឺការចាក់វ៉ាក់សាំងដូសទី៣»។ «ដូច្នេះរដ្ឋាភិបាល ត្រូវគិត១ជំហានទៅមុខឱ្យហើយ រឿងក្មេង និងការចាក់វ៉ាក់សាំងដូសទី៣ ប៉ុន្តែចំពោះមុខនេះ យើងត្រូវចាក់វ៉ាក់សាំងជូនអ្នកដែលមានអាយុ១៨ឆ្នាំឡើងឱ្យអស់»។
សូមបញ្ជាក់ថា គិតពីថ្ងៃទី១០ ខែកុម្ភៈដល់ត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២១ កម្ពុជាបាន ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៣.៨លាននាក់ស្មើនឹងជាង ៣៨ភាគរយហើយ។ ក្រៅតែពីរាជធានីភ្នំពេញ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពង្រីកការចាក់វ៉ាក់សាំងទៅកាន់ខេត្តកណ្តាល ព្រះសីហនុ កោះកុង កំពង់ស្ពឺ និងតាកែវផងដែរ៕







