រដ្ឋបាលខេត្តសៀមរាប បន្តរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៧៣នាក់ និងព្យាបាលជាសះស្បើយ ៤៧នាក់
រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៧៣នាក់ និងបានព្យាបាលឱ្យជាសះស្បើយចំនួន ៤៧នាក់ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។ យោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្ត បានបញ្ជាក់ថា ក្នុងចំណើករណីវិជ្ជមានខាងលើមាន ករណីទី១ ដល់ទី៤៥ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី, ករណីទី៤៦ និងទី៤៧ ជាករណីពាក់ព័ន្ធនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលមានប្រភពដើមមកពីស្រុកជីក្រែង, ករណីទី៤៨ ដល់ទី៥០ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋានហេង ហេង ២, ករណីទី៥១ និង៥២ ជាករណីឆ្លងបន្តពីបុគ្គលិកនៅភោជនីយដ្ឋានហេង ហេង ២ និងករណីទី៥៣ ដល់ករណីទី៦១ ជាករណីចម្លងអ្នកមកពីរាជធានីភ្នំពេញ។

ចំពោះករណីទី៦២ និង៦៣ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ករណីទី៦៤ និង៦៥ ជាជាករណីឆ្លងបន្តមកពីខេត្តឧត្តរមានជ័យ និងករណីទី៦៦ ជាអ្នកធ្វើដំណើរមកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដោយឡែក ករណីទី៦៧ ដល់ករណីទី៧៣ គឺជាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្ដេចឪ។
ក្រៅពីករណីវិជ្ជមាន រដ្ឋបាលខេត្តសៀមរាប ក៏បានព្យាបាលជាសះស្បើយចំនួន ៤៧នាក់ផងដែរ ដែលអ្នកទាំងនោះ ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃទៀត។
សូមបញ្ជាក់ផងដែរថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៨៨១នាក់, បានព្យាបាលជាសះស្បើយចំនួន ៣២០នាក់, ស្លាប់ ៩នាក់ និង៥៥២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។
រដ្ឋបាលខេត្តសៀមរាប បន្តអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ត្រូវរួសរាន់ធ្វើចត្តាឡីស័ក នៅតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប