តស៊ូណាស់! បម្រើព្រះសង្ឃផង រត់កង់បីផង ដឹកឥវ៉ាន់ផង ទំរាំបង់រំលស់ម៉ូតូបានមួយ តែចោរចង្រៃលួចយកជិះរត់បាត់
រាជធានីភ្នំពេញ៖ ក្មេងកំព្រាក្រីក្រម្នាក់ដែលមានឆន្ទៈតស៊ូ ប្រឹងប្រែងជំនះ ភាពក្រ សុំស្នាក់នៅវត្តជួយការងារវត្តនិងបម្រើព្រះសង្ឃផង រត់កង់បីផង ដឹកឥវ៉ាន់ផង ទំរាំបង់រំលោះម៉ូតូបានមួយ តែអាចោរចង្រៃលួចយកជិះរតបាត់ ទំរាំសន្សំលុយ បង់រំលស់ ម៉ូតូមួយគ្រឿង ទុកជិះធ្វើការរកស៊ីលក់គោដុតបានមួយរយៈពេលខ្លី ធ្វេសប្រហែសបន្តិច ខណៈពេលម៉ូតូដែលបង់រំលស់នោះទុកក្បែរកន្លែងលក់ ភ្លេចដកសោរមួយភ្លេតសោះ ត្រូវជនសង្ស័យចូលមកលួចយកជិះគេចខ្លួន ហើយប្រពន្ធខំរត់ចេញមកស្រែកចោរៗដែរ តែមិនមានអ្នកណាជួយដេញតាមឡើយ។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៦ល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ នៅជាប់ក្រុមហ៊ុន មាសសុខសោភា សម្រស់ធម្មជាតិ ផ្លូវជាតិលេខ២ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ម៉ូតូដែលចោរលួចយកទៅបាត់នោះ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1IE-1052 ជារបស់ជនរងគ្រោះ ឈ្មោះ ភឿន រាជ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះលេខ១៤៣១ ផ្លូវជាតិលេខ២ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបររត់កង់បីដឹកព្រះសង្ឃ, លក់គោដុត ។
បើតាមសម្ដីជនរងគ្រោះបានរៀបរាប់ប្រាប់ខ្មែរណូតថា នៅមុនពេលកើតហេតុ ម៉ូតូរបស់ខ្ញុំបានផ្ញើទុកក្នុងរបងក្រុមហ៊ុន មាសសុខសោភា សម្រស់ធម្មជាតិ ហើយជិតដល់ម៉ោងដឹក សាច់គោ ដែលភ្ញៀវបាន កម្មង់ហើយនោះយកទៅដល់ផ្ទះភ្ញៀវ ទើបប្អូនថ្លៃរបស់ខ្លួន បានបណ្ដើរម៉ូតូយកមកទុក ក្បែរកន្លែងលក់ (ចំណុចកើតហេតុខាងលើ) ប៉ុន្តែភ្លេចដកកូនសោចេញពីម៉ូតូ រួចក៏ដើរក្នុងផ្ទះ ប្រហែល៥នាទីក្រោយមក ស្រាប់តែលេចមុខ ជនសង្ស័យម្នាក់ដើរមកពីទិសខាងត្បូង បានដើរមកធ្វើសកម្មភាពបណ្ដើរម៉ូតូយកចេញរួច បញ្ឆេះជិះចេញទៅ។ ជនរងគ្រោះ បន្តថា ភ្លាមៗនោះប្រពន្ធរបស់ខ្ញុំចេញមកឃើញ និងរត់តាមស្រែកចោរៗដែរ តែមិនមានអ្នកណាជួយដេញតាមឡើយ។ ទើបខ្ញុំបានទៅសុំបុគ្គលិកក្រុមហ៊ុនសម្រស់ធម្មជាតិ ជួយឆែកមើលកាមេរ៉ាសុវត្ថិភាពផង គឺឃើញជនសង្ស័យម្នាក់ពាក់មួកសុវត្ថិភាព ពាក់ម៉ាស ដើរមកពីទិសខាងត្បូង បានមកធ្វើសកម្មភាពបណ្ដើរម៉ូតូរបស់ខ្ញុំយកចេញរួច បញ្ឆេះជិះចេញទៅតែម្ដង។
ជនរងគ្រោះ ក៏បានប្រាប់មកកាន់ក្រុមការងារខ្មែរណូតយើង ឲ្យជួយផ្សាយផ្ដល់ដំណឹងដល់សមត្ថកិច្ចគ្រប់គោលដៅ បានឃើញ សូមជួយស្ទាក់ឃាត់ម៉ូតូនិងអ្នកបើកបរនោះឲ្យផង ព្រោះអ្នកបើកបរម៉ូតូនោះ មិនមែនជាម្ចាស់ម៉ូតូទេ គឺជាម៉ូតូដែលលួចយកចេញពីកន្លែងកើតហេតុខាងលើ។ ដូច្នេះហើយប្រសិនបើបងប្អូនណាបានឃើញ មានគេកំពុងជិះម៉ូតូនេះ គឺមិនមែនម្ចាស់ម៉ូតូទេ បងប្អូនអាច រាយការណ៍ប្រាប់សមត្ថកិច្ចគ្រប់ទីកន្លែងដែលនៅជិតលោកអ្នក ដោយមានការរក្សាការសម្ងាត់ប្រភពព័ត៌មាន ដើម្បីចាប់ឃាត់ខ្លួនជនសង្ស័យ យកទៅចាត់ការតាមច្បាប់។
បច្ចុប្បន្ន ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម រួចរៀបរាប់ប្រាប់ដំណើររឿងទៅកាន់សមត្ថកិច្ចបានដឹង និងមានវិដេអូកាមេរ៉ាសុវត្ថិភាព មកដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចស្រាវជ្រាវ និងកំណត់មុខសញ្ញាតាមចាប់យកមកផ្ដន្ទាទោសតាមផ្លូវផងដែរ ៕














ដោយ៖ បងម៉េង ខ្មែរណូត