លោកផែង វណ្ណៈ និយាយអ្វីខ្លះទាក់ទងនឹងលោក អាគីរ៉ា? ហើយសមត្ថកិច្ចរកឃើញអ្វីខ្លះរហូតឈានដល់ចាប់ឃាត់ខ្លួន
យោងតាមហ្វេសបុកផេករបស់លោកផែង វណ្ណៈ បានឲ្យដឹងថា៖ លោកអាគីរ៉ា បានយកជីវិតធ្វើដើមទុនដើម្បីធ្វើការបោសសំអាតមីនរំដោះដីស្រែចំការផ្ដល់ជូនពលរដ្ឋប្រកបរបរកសិកម្មដោយសុវត្ថិភាពរហូតបណ្ដាញទូរទស្សន៍ ស៊ីអ៊ិនអ៊ិន ដ៏ល្បាញល្បីផ្ដល់ងារជា វរៈជនមីនរបស់កម្ពុជា ។
ថ្មីៗនេះលោក អាគីរ៉ា ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននៅខេត្តសៀមរាប បន្ទាប់ពីសមត្ថកិច្ចបានរកឃើញ អាវុធខ្លី k59 និងគ្រាប់ គ្រាប់បែក ដែលនៅប្រើបាន នៅបន្ទប់ស្នាក់នៅរបស់លោក ។
ការឃាត់ខ្លួនលោក អាគីរ៉ា មានមតិនៅលើបណ្ដាញសង្គម Facebook យកទៅបកស្រាយតាមការយល់ឃើញរបស់ខ្លួនរៀងៗខ្លួន និងបានធ្វើការវាយប្រហារមកលើសមត្ថកិច្ចថាមិនគួរចាប់ខ្លួនគាត់នោះទេ ព្រោះគាត់មានបុណ្យបំណាច់ធំណាស់ចំពោះប្រជាជនកម្ពុជា ហើយគាត់ក៏ជាវរៈជនមីនរបស់កម្ពុជាទៀត ។
តាមពិតទៅអារម្មណ៍របស់បងប្អូននៅលើបណ្ដាញសង្គម Facebook ចំពោះលោក អាគីរ៉ា មិនខុសពីអារម្មណ៍របស់ខ្ញុំនោះទេ ។ តែខ្ញុំបានត្រឹមតែពោលពាក្យថាសោកស្ដាយនិង អាណិត តែខ្ញុំមិនអាចប្រឆាំងការអនុវត្តច្បាប់របស់សមត្ថកិច្ចបានឡើយ ។
ខ្ញុំចង់ប្រាប់ថា ងារ ឯកឧត្តម,លោកជំទាវ,លោកឧកញ៉ា ឬ វរៈជន មិនមែនជារនាំងបាំងទង្វើល្មើសច្បាប់បានទេ ។ ដូច្នេះសូមកុំយកងារខ្ពង់ខ្ពស់របស់ខ្លួនដែលទទួលបានទៅប្រព្រឹត្តបទល្មើស ។
ចំពោះអាវុធខ្លី និង គ្រាប់ គ្រាប់បែក ដែលលោក អាគីរ៉ា រក្សាទុកនោះទោះបីចេតនាក្ដី អចេតនាក្ដី សុទ្ធតែជាទង្វើល្មើសច្បាប់ ។ ដូច្នេះសូមទុកអោយច្បាប់ចាត់ការចុះ ។ តែខ្ញុំសង្ឃឹមថា លោក អាគីរ៉ា អាចនឹងបាននៅក្រៅឃុំ ប្រសិនបើមានមេធាវីដាក់ពាក្យសុំធានាអោយនៅក្រៅឃុំ ព្រោះបទល្មើសរក្សាទុកអាវុធ គ្រាប់រំសេវខុសច្បាប់ ជាបទមជ្ឈឹម មិនមែនបទឧក្រិដ្ឋនោះទេ ។ ប្រភព៖ Pheng Vannak News


