ព័ត៌មានជាតិ
ស្ថានភាពកូវីដ-១៩ នៅខេត្តកោះកុង នៅតែបន្តរកឃើញវិជ្ជមានរាល់ថ្ងៃ ខ្វះទាំងកន្លែងស្នាក់នៅ និងអាហារហូបចុក អភិបាលខេត្ត អំពាវនាវស្វែងរកការឧបត្ថម្ភ
BY Khmernote Media
June 28, 2021
រដ្ឋបាលខេត្តកោះកុង ដែលមានលោកជំទាវ មិថុនា ភូថង ជាអភិបាលនៃគណៈអភិបាលខេត្ត បានចេញសេចក្តីអំពាវនាវមួយដើម្បីស្វែងរកការឧបត្ថម្ភពីសំណាក់សប្បុរសជន ជុំវិញខេត្ត រួមមានអាជីវករ ពាណិជ្ជករ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន រោងចក្រ សហគ្រាស ធនាគារ ក្រុមហ៊ុនឯកជនផ្សេងៗ ដើម្បីធ្វើការឧបត្ថម្ភជាថវិកា ឬសម្ភារបរិក្ខាផ្សេងៗទៀត ដើម្បីចូលរួមចំណែក ក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

គួរបញ្ជាក់ផងដែរថា ខេត្តកោះកុង ជាខេត្តមួយដែលមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយអាជ្ញាធរបានរកឃើញវិជ្ជមានលើពលរដ្ឋក្នុងខេត្ត ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ៕
