ដំណឹងបន្ទាន់! ចាប់ពីម៉ោងសូន្យយប់នេះទៅ បិទខ្ទប់ផ្សារបឹងកេងកង រយៈពេល១៤ថ្ងៃ ក្រោយរកឃើញអាជីវករឆ្លងជំងឺកូវីដ
យោងតាមសេចក្តីសម្រេចថ្មីរបស់រដ្ឋបាលរាជធានីភ្នំពេញ ១៨០/២១សសរ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញសម្រេចធ្វើការផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារបឹងកេងកង ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះរហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។ នៅក្នុងសេចក្តីសម្រេចនោះបានចែកថា៖

ប្រការ១ នៃសេចក្ដីសម្រេចនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារបឹងកេងកង មានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ក្នុងរាជធានីភ្នំពេញ ដែលមានករណីវិជ្ជមានកើតឡើងថ្មី ក្នុងចំណោមបុគ្គលិក កម្មករ និងអាជីវករ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១»។

គួរបញ្ជាក់ផងដែរថា អាជីវករនៅក្នុងផ្សារបឹងកេងកង តម្រូវធ្វើសំណាកតេស្តរកមេរោគកូវីដ-១៩ ទាំងអស់គ្នា ខណៈដែលមានអាជីវករមួយចំនួនរកឃើញថាមានឆ្លងជំងឺកូវីដ-១៩៕


